CL1 ជាកុំព្យូទ័រដំបូងគេបង្អស់លើពិភពលោក ដែលរួមបញ្ចូលគ្នានូវ «ខួរក្បាលមនុស្ស និងបន្ទះឈីបស៊ីលីកូន»

15-01-2026 15:03

(បរទេស)៖ ពិភពលោកបានឈានដល់របត់ថ្មីមួយទៀតនៃបច្ចេកវិទ្យា Biocomputing (ជីវ-កុំព្យូទ័រ) ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកុំព្យូទ័រ CL1 ដែលបង្កើតឡើងដោយក្រុមហ៊ុន Cortical Labs។ នេះគឺជាម៉ាស៊ីនដំបូងបំផុតដែលដំណើរការដោយការបញ្ជូនកូដ (Code) ទៅកាន់កោសិកាប្រសាទមនុស្ស (Human Neurons) ពិតប្រាកដដែលត្រូវបានដាំដុះនៅលើបន្ទះឈីប។

កោសិកាប្រសាទមនុស្សត្រូវបានចិញ្ចឹមក្នុងសូលុយស្យុងដែលមានជីវជាតិ និងដុះនៅលើផ្ទៃបន្ទះឈីបស៊ីលីកូន។ បន្ទះឈីបនេះដើរតួជាស្ពានបញ្ជូន និងទទួលសញ្ញាអគ្គិសនីពីកោសិកាខួរក្បាលទាំងនោះ។ ក្រុមហ៊ុនបានបង្កើតប្រព័ន្ធប្រតិបត្តិការពិសេសមួយហៅថា biOS (Biological Intelligence Operating System) ដើម្បីអនុញ្ញាតឱ្យអ្នកសរសេរកម្មវិធី (Programmers) អាចបញ្ចូលកូដ និងបញ្ជាឱ្យកោសិកាប្រសាទទាំងនោះដំណើរការការងារផ្សេងៗ។

កុំព្យូទ័រ CL1 មានភាពខុសពី AI បែបឌីជីថល (ដូចជា ChatGPT) ដែលត្រូវការទិន្នន័យមហាសាលដើម្បីហ្វឹកហាត់ ប៉ុន្តែ CL1 ប្រើប្រាស់ «ភាពវៃឆ្លាតធម្មជាតិ» ដែលមានសមត្ថភាពរៀនសូត្រ និងបត់បែនបានលឿនបំផុត និងប្រើប្រាស់ថាមពលតិចជាងកុំព្យូទ័រធម្មតារាប់ពាន់ដង។

ដោយសារវាជាគ្រឿងចក្រដែលមាន «ជីវិត» CL1 មានប្រព័ន្ធគាំទ្រជីវិត (Life Support System) ដូចជាការគ្រប់គ្រងសីតុណ្ហភាព និងការច្រោះកាកសំណល់។ កោសិកាប្រសាទទាំងនេះអាចរស់នៅ និងដំណើរការបានក្នុងរយៈពេលរហូតដល់ ៦ ខែ។

បច្ចុប្បន្ន CL1 ត្រូវបានលក់ក្នុងតម្លៃប្រហែល ៣៥០០០ដុល្លារអាមេរិក ដែលគោលដៅចម្បងគឺសម្រាប់មន្ទីរពិសោធន៍ស្រាវជ្រាវវេជ្ជសាស្ត្រ ដើម្បីប្រើប្រាស់ក្នុងការសាកល្បងឱសថ (Drug Discovery) សិក្សាពីឥទ្ធិពលថ្នាំទៅលើកោសិកាខួរក្បាលដោយផ្ទាល់ និងការសិក្សាពីជំងឺ (Disease Modeling) ស្វែងយល់ពីយន្តការនៃជំងឺខួរក្បាលផ្សេងៗដោយមិនចាំបាច់សាកល្បងលើសត្វ ឬមនុស្ស៕