Wikipedia ឈប់ឱ្យប្រើហ្វ្រី ខណៈបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សបង់ប្រាក់ បើចង់បានទិន្នន័យទៅបង្ហាត់ AI

15-01-2026 16:26

(បរទេស)៖ មូលនិធិ Wikimedia ដែលជាអ្នកគ្រប់គ្រងគេហទំព័រ Wikipedia បានឈានជើងចូលក្នុងរបត់ថ្មីមួយ ដោយតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Microsoft, Meta, Amazon និង Google បង់ប្រាក់សម្រាប់ការប្រើប្រាស់ទិន្នន័យរបស់ខ្លួន។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីមាតិកាឥតគិតថ្លៃរបស់ Wikipedia ត្រូវបានយកទៅប្រើប្រាស់យ៉ាងច្រើនលើសលប់ ដើម្បីបង្ហាត់បញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឱ្យការចំណាយលើប្រព័ន្ធម៉ាស៊ីនមេ (Server) របស់អង្គការមិនរកប្រាក់ចំណេញមួយនេះ កើនឡើងខ្ពស់ហួសកម្រិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

ការផ្លាស់ប្តូរនេះធ្វើឡើងតាមរយៈសេវាកម្ម «Wikimedia Enterprise» ដែលជួយឱ្យស្ថាប័នមានចំណូលរឹងមាំ និងអាចបន្តកិច្ចការចំណេះដឹងឥតគិតថ្លៃសម្រាប់ពិភពលោក។ លោក Lane Becker ប្រធានផ្នែក Wikimedia Enterprise បានបញ្ជាក់ប្រាប់ Reuters ថា៖ «Wikipedia គឺជាផ្នែកដ៏សំខាន់ក្នុងកិច្ចការងាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ដូច្នេះពួកគេចាំបាច់ត្រូវតែរកវិធីសាស្ត្រដើម្បីជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុត្រឡប់មកវិញ»។ លោកបានបន្ថែមថា ដៃគូបច្ចេកវិទ្យាធំៗបានយល់ព្រមប្តេជ្ញាចិត្ត ដើម្បីជួយឱ្យ Wikipedia អាចបន្តដំណើរការទៅមុខបានប្រកបដោយនិរន្តរភាព។

ក្រៅពីបញ្ហាហិរញ្ញវត្ថុ កិច្ចសហការនេះក៏ដើម្បីធានាថា AI នឹងទទួលបានព័ត៌មានដែលត្រឹមត្រូវ និងមានប្រភពច្បាស់លាស់។ លោក Tim Frank អនុប្រធានសាជីវកម្ម Microsoft បានលើកឡើងថា៖ «ការទទួលបានព័ត៌មានដែលមានគុណភាព និងគួរឱ្យទុកចិត្ត គឺជាបេះដូងនៃអនាគត AI នៅ Microsoft... យើងកំពុងជួយបង្កើតប្រព័ន្ធអេកូឡូស៊ីមាតិកាមួយ ដែលផ្តល់តម្លៃដល់អ្នកដែលបានចូលរួមបង្កើតវាឡើង»

គួរជម្រាបថា ស្របពេលដែលមានការផ្លាស់ប្តូរយុទ្ធសាស្ត្ររកចំណូលនេះ Wikimedia ក៏បានតែងតាំងលោកស្រី Bernadette Meehan ជានាយកប្រតិបត្តិ (CEO) ថ្មី ដើម្បីដឹកនាំស្ថាប័នក្នុងយុគសម័យ AI ផងដែរ។ ទោះបីជាមានការលក់សេវាកម្មដល់ក្រុមហ៊ុនយក្សក៏ដោយ ក៏ Wikipedia នៅតែរក្សានូវអត្តសញ្ញាណដើម ដោយពឹងផ្អែកលើការស្ម័គ្រចិត្តពីមនុស្សប្រហែល ២៥ ម៉ឺននាក់នៅជុំវិញពិភពលោក ដើម្បីសរសេរ និងត្រួតពិនិត្យព័ត៌មានឱ្យបានត្រឹមត្រូវបំផុតសម្រាប់មនុស្សជាតិ៕