ជើងឯកអាស៊ាន៖ គោព្រៃកម្ពុជា ស្ថិតពូល A ជាមួយវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងក្រុមឈ្នះវគ្គជម្រុះបឋម
15-01-2026 19:21
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ រួចហើយ ដោយក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងក្រុមឈ្នះវគ្គជម្រុះបឋម (Play-Off) រវាងក្រុមជម្រើសជាតិប្រ៊ុយណេ និងទីម័រខាងកើត។
យោងតាមលទ្ធផលចាប់ឆ្នោតបែងពូលនេះ ក្រៅពីគោព្រៃកម្ពុជា ដែលស្ថិតក្នុងពូល A ជាមួយក្រុមការពារតំណែងជើងឯកវៀតណាម និងគូប្រជែង ៣ក្រុមផ្សេងទៀត។ សម្រាប់ពូល B វិញ គឺមាន ៥ក្រុមដូចគ្នា រួមមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។
សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីចម្រាញ់ក្រុមលេខ១ និងលេខ២ ប្រចាំពូលនីមួយៗឡើងវគ្គបន្ដ។ ចំពោះជំនួបបើកឆាកពូល A កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរីមុនគេនាថ្ងៃទី២៤ ខែកក្កដាខាងមុខ៕






