ពិតទេ? iPhone គ្មានកាមេរ៉ាត្រូវបានផលិតឡើង ដើម្បីប្រើក្នុងវិស័យយោធា
16-01-2026 07:55
(បរទេស)៖ ស្តាប់មើលទៅដូចជាចំឡែកមែនទែន ដែលទូរស័ព្ទ iPhone គ្មានកាមេរ៉ា ប៉ុន្តែវាមិនមែនជារឿងថ្មីនោះទេ ព្រោះមានការបញ្ជាក់ថា iPhone ដែលគ្មានកាមេរ៉ា ពិតជាមានស្រាប់ និងត្រូវបានប្រើប្រាស់ដោយយោធា ឬ បុគ្គលិករោងចក្រថាមពលនុយក្លេអ៊ែរ និងបុគ្គលិកនៅកន្លែងមានការការពារសន្តិសុខខ្ពស់ ប៉ុន្តែវាមិនមែនជាផលិតផលផ្លូវការដែល Apple ផលិតឡើងដោយផ្ទាល់នោះទេ។
តាមប្រភពព័ត៌មាន អ្នកផលិត iPhone គឺក្រុមហ៊ុន Apple មិនមានការផលិត iPhone ម៉ូដែលពិសេសដែលគ្មានកាមេរ៉ា សម្រាប់យោធា ឬស្ថាប័នសន្តិសុខណាមួយឡើយ។ iPhone ទាំងអស់ត្រូវបានផលិតតាមស្តង់ដារធម្មតា ដែលមានកាមេរ៉ាខាងមុខ និងខាងក្រោយដូចគ្នា។ ទោះជាយ៉ាងណា មានក្រុមហ៊ុនភាគីទីបី គឺក្រុមហ៊ុនឯកជនមួយចំនួន ដែលទិញ iPhone ពីទីផ្សារធម្មតា បន្ទាប់មកធ្វើការដោះកាមេរ៉ាចេញ ទាំងមុខនិងក្រោយ ហើយបិទស្រោមឲ្យរឹងមាំ ដើម្បីឲ្យទូរស័ព្ទនោះមិនអាចថតរូប ឬថតវីដេអូបានទៀត។
iPhone គ្មានកាមេរ៉ាបែបនេះ ត្រូវបានប្រើជាចម្បងនៅក្នុង៖
• មូលដ្ឋានយោធា
• រោងចក្រថាមពលនុយក្លេអ៊ែរ
• មណ្ឌលស្រាវជ្រាវ និងមណ្ឌលឧស្សាហកម្មសំខាន់ៗ
• ស្ថាប័ន ឬក្រុមហ៊ុនដែលហាមឃាត់ឧបករណ៍ថតរូប ដោយសារហានិភ័យលេចធ្លាយព័ត៌មានសម្ងាត់
អ្នកជំនាញសន្តិសុខបញ្ជាក់ថា ការហាមឃាត់ទូរស័ព្ទមានកាមេរ៉ា គឺជាវិធានការសំខាន់មួយ ដើម្បីបង្ការការថតឯកសារ ឬទីតាំងសម្ងាត់ដោយមិនបានអនុញ្ញាត។ ទន្ទឹមនឹងនេះ មានពាក្យចចាមអារ៉ាមនៅលើបណ្ដាញសង្គមជាច្រើន ដែលអះអាងថា Apple ផលិត «iPhone សម្ងាត់សម្រាប់យោធា» ប៉ុន្តែការអះអាងទាំងនេះ ត្រូវបានបដិសេធថា មិនមែនជាការពិតឡើយ។ ការពិតគឺ iPhone ទាំងនោះ គ្រាន់តែត្រូវបានកែប្រែដោយក្រុមហ៊ុនផ្សេងក្រៅពី Apple ប៉ុណ្ណោះ។
គួរបញ្ជាក់ថា បន្ទាប់ពី iPhone ត្រូវបានកែប្រែបែបនេះ ការធានាពី Apple នឹងត្រូវលុបចោលភ្លាមៗ ទោះបីជាការធ្វើបច្ចុប្បន្នភាពកម្មវិធីនៅតែអាចប្រើបានក៏ដោយ៕







