Ford បែរមកចាប់ដៃគូជាមួយ BYD របស់ចិន បន្ទាប់ពីការលក់រថយន្តអគ្គិសនីដាំក្បាលចុះ
16-01-2026 09:41
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាមេរិក Ford កំពុងចរចាជាមួយក្រុមហ៊ុន BYD របស់ចិន ដើម្បីទិញអាគុយយកមកប្រើប្រាស់លើរថយន្ត Hybrid (សាំងប្រើជាមួយអគ្គិសនី) របស់ខ្លួន។ ការងាកមកចាប់ដៃគូជាមួយគូប្រជែងចិននេះ ធ្វើឡើងបន្ទាប់ពីតម្រូវការរថយន្តអគ្គិសនី (EV) សុទ្ធបានធ្លាក់ចុះ ដែលបង្ខំឱ្យ Ford ត្រូវប្តូរយុទ្ធសាស្ត្រមកពង្រឹងការផលិតរថយន្ត Hybrid ជំនួសវិញ ជាពិសេសសម្រាប់ទីផ្សារក្រៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងគម្រោងនេះ តំណាងក្រុមហ៊ុន Ford បានបញ្ជាក់យ៉ាងខ្លីថា៖ «យើងតែងតែពិភាក្សាជាមួយក្រុមហ៊ុនជាច្រើនអំពីបញ្ហាផ្សេងៗ»។ ប្រសិនបើការចរចានេះជោគជ័យ វានឹងជួយឱ្យ Ford ទទួលបានអាគុយដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងតម្លៃថោក ដើម្បីស្រោចស្រង់ស្ថានភាពក្រុមហ៊ុន បន្ទាប់ពីកាលពីខែធ្នូកន្លងទៅ Ford បានរងការខាតបង់ទឹកប្រាក់រហូតដល់ ១៩,៥ ពាន់លានដុល្លារ និងបានសម្រេចលុបចោលការផលិតរថយន្ត EV មួយចំនួនទៀតផង។
ទោះជាយ៉ាងណា គម្រោងសហការនេះបានរងការរិះគន់យ៉ាងធ្ងន់ៗពីលោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន ដោយលោកបានលើកជាសំណួរចំៗលើបណ្តាញសង្គម X ថា៖ «តើ Ford ចង់ជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់គូប្រជែងចិន និងធ្វើឱ្យខ្លួនឯងកាន់តែងាយរងគ្រោះដោយសារការគាបសង្កត់ពីគេមែនទេ? តើមានរឿងមិនល្អអ្វីខ្លះដែលអាចនឹងកើតឡើង?»។
ជារួម កិច្ចចរចានេះបានបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុនអាមេរិក ដែលសុខចិត្តចាប់ដៃគូជាមួយគូប្រជែងចិន ដើម្បីបន្តរស់រានក្នុងសមរភូមិសេដ្ឋកិច្ចដែលកំពុងមានការប្រកួតប្រជែងយ៉ាងស្រួចស្រាវ៕







