ក្រុមការពារជើងឯក Barcelona ឡើងទៅវគ្គ ៨ក្រុម Copa del Rey ក្រោយទម្លាក់ Santander
16-01-2026 09:52
(បរទេស)៖ FC Barcelona បានបន្តឡើងទៅការពារតំណែងជើងឯក ពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey 2025-26 នៅពេលទម្លាក់ម្ចាស់ផ្ទះ Racing de Santander ដោយលទ្ធផល ២-០ មិនឱ្យតដៃរួចនារាត្រឹមថ្ងៃព្រហស្បតិ៍ នៃវគ្គ ១៦ក្រុមចុងក្រោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករ Ferran Torres និង Lamine Yamal បានរួមចំណែករកបានម្នាក់ ១គ្រាប់ពីក្នុងវគ្គទី២ ដើម្បីជួយជ្រោមជ្រែងក្រុមរបស់លោក Hansi Flick ក្នុងការផ្តួលក្រុមកំពូលតារាងនៅក្របខណ្ឌទី២ អេស្ប៉ាញ ដ្បិតពួកគេរំពឹងវិលទៅកាន់លីគ La Liga វិញផងដែរគិតចាប់តាំងពីឆ្នាំ២០១២។
ទន្ទឹមគ្នានោះដែរ គូប្រជែងធំ Real Madrid បានហាលអាវបាត់ហើយត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់ក្រុមមកពីលីគទី២ Albacete កាលពីថ្ងៃពុធ និងជា ១ប្រកួតបើកឆាករបស់គ្រូបង្វឹកថ្មី លោក Arbelao ដែលបានចូលដឹកនាំជំនួសកៅអីលោក Xabi Alonso។
ក្នុងនាមជាក្រុមឈរទីកំពូលតារាង La Liga បច្ចុប្បន្ន អ្នកមានបុណ្យ Barcelona ត្រូវរង់ចាំដល់នាទី៦៦ ទើបមានគ្រាប់បែកពងមាន់ បន្ទាប់ពីកីឡាករ Fermin Lopez ត្រូវបានប្តូរចូល និងបញ្ជូនបាល់ឱ្យប្រធានក្រុម Torres បញ្ចប់ទីបានសម្រេច និងជាគ្រាប់បាល់ទី១៥ សម្រាប់កីឡាករអេស្ប៉ាញរូបនេះដែរជាមួយ Barca នារដូវកាលនេះ៕



