Eto’o ប្រធានសហព័ន្ធបាល់ទាត់កាមេរូន ត្រូវបានដាក់ទណ្ឌកម្ម ដោយសារល្មើសវិន័យនៅ Afcon 2025

16-01-2026 10:43

(បរទេស)៖ អតីតតារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Samuel Eto’o ដែលបច្ចុប្បន្នជាប្រធានសហព័ន្ធកាមេរូន ត្រូវបាន CAF ដកបញ្ឈរជើង ៤ប្រកួត និងពិន័យជាប្រាក់ប្រមាណ ២០,០០០ដុល្លារផងដែរ ក៏ព្រោះតែល្មើសវិន័យនា អំឡុងការប្រកួត Africa Cup of Nations 2025 នៅប្រទេសម៉ារ៉ុក។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក CAF ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានបញ្ជាក់ថា «Eto’o បានល្មើសទៅនឹងវិន័យកីឡា នៅអំឡុង Afcon 2025 ដែលកាមេរូន បានចាញ់ម្ចាស់ផ្ទះ ម៉ារ៉ុកនៃវគ្គ ៨ក្រុម»

អតីតខ្សែប្រយុទ្ធក្លឹប FC Barcelona និង Inter Milan រូបនេះ ត្រូវបានគេរាយការណ៍ថា បានផ្ទុះកំហឹងទៅនឹងការសម្រេចរបស់មន្រ្តីនៃការប្រកួត នៅពេលក្រុមជម្រើសជាតិកាមេរូនរបស់លោកបានចាញ់ម៉ារ៉ុក ២ទល់នឹង០ ហាលអាវពី Afcon 2025 លើកទី៣៥។

ជាមួយគ្នានោះ លោក Patrice Motsepe ប្រធាន CAF ក៏មានវត្តមានក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Rabat ដែលបានឃើញពីទង្វើរបស់ Eto’o យ៉ាងច្បាស់ក្រឡែតទៀតផង៕