មុនការប្រកួត ១ថ្ងៃ ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ កៀរគរថវិកាបានជាង ១០០លានរៀល សម្រាប់ជួយជនភៀសសឹក

16-01-2026 11:28

(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ស្អែកនេះ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដោយក្រុមខ្លាំងៗ ៤ក្រុមចូលរួម ខណៈមុនដល់ថ្ងៃប្រកួត កម្មវិធីនេះបានទទួលការបរិច្ចាគរហូតជាង ១០០លានរៀលហើយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ។

ក្រុមខ្លាំង ៤ក្រុម ដែលចូលរួមព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌នេះ នឹងត្រូវប្រកួតខ្វែងគ្នា រួមមានក្រុមវិសាខា ត្រូវជួបក្រសួងមហាផ្ទៃ និងក្រុមបញ្ជាការដ្ឋានអង្គរក្ស ជួបក្រុមស្នងការរាជធានីភ្នំពេញ។ បន្ទាប់មកក្រុមឈ្នះ ជួបក្រុមឈ្នះ ខណៈក្រុមចាញ់ ក៏ត្រូវជួបគ្នា ដើម្បីកំណត់ចំណាត់ក្រុមជយលាភី។ ការប្រកួតនេះដែរ សហព័ន្ធនឹងមានលក់សំបុត្រ ក្នុងតម្លៃ ៥ពាន់រៀល និង ១ម៉ឺនរៀល ហើយចំណូលទទួលបានទាំងអស់ នឹងបញ្ចូលក្នុងមូលនិធីសម្រាប់ជួនជនភៀសសឹកតែម្តង។

លោកបណ្ឌិត អាំង សិរីពិសិ បានឲ្យដឹងថា ដោយសាររយៈពេលខ្លី ទើបសហព័ន្ធសម្រេចរៀបចំការប្រកួតត្រឹម ៤ក្រុម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ មិនអាចអញ្ជើញក្រុមតាមបណ្ដាខេត្តចូលរួម។ យ៉ាងណាលោករំពឹងថា ព្រឹត្តិការណ៍នេះ នឹងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ពិសេសការចូលរួមបរិច្ចាគតាមលទ្ធភាព តាមរយៈ QR Code របស់សហព័ន្ធ ដើម្បីប្រមែប្រមូលថវិកាទាំងអស់ ទៅជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅតាមជំរំភៀសសឹក។

លោកបន្ដថា ក្រោយប្រកាសរៀបចំការប្រកួតបាល់ទះសប្បុរសធម៌ និងការបើកទទួលការបរិច្ចាគពីសប្បុរសជន មកទល់ពេលនេះ ក្រុមការងារសហព័ន្ធទទួលបានទឹកប្រាក់បរិច្ចាគជាង ១០០លានរៀលហើយ ដោយក្នុងនោះថវិកា ៥០លានរៀល ទទួលបានការបរិច្ចាគពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ និងលោកជំទាវ និងថវិកា ៥០លានរៀល ទទួលបានការបរិច្ចាគពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស រួមជាសប្បុរសជនជាច្រើនទៀត ដែលបានបរិច្ចាគជាបន្ដបន្ទាប់។

តាមរយៈនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះ ត្រៀមចូលរួមឲ្យបានច្រើនកុះករក្នុងការប្រកួតនាថ្ងៃទី១៧ ខែមករាស្អែកនេះ ហើយរាល់ថវិកាទទួលបានពីការបរិច្ចាគរបស់សប្បុរសជនទាំងអស់ នឹងត្រូវយកទៅជួយឧបត្ថម្ភបងប្អូនជនភៀសសឹកទាំងស្រុង ដែលពុំទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន ក្នុងការជួយសម្របសម្រួល ដល់ការរស់នៅរបស់ពួកគាត់ដោយរៀបចំសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ៕