គ្រូបង្វឹកអង់គ្លេសថា កីឡាកររបស់លោកត្រូវការជំនាញសង្គម ដើម្បីលេង World Cup

16-01-2026 13:04

(បរទេស)៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសបានលើកឡើងថា «កីឡាករត្រូវការជំនាញសង្គម និងបុគ្គលិកលក្ខណៈត្រឹមត្រូវ» ដើមបង្កើតក្រុមល្អលេងនៅព្រឹត្តិការណ៍ World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ មានតែ ២ប្រកួតមិត្តភាពអន្តរជាតិទល់នឹងអ៊ុយរូហ្គាយ និងជប៉ុន មុនពេលប្រកាសបញ្ជីឈ្មោះកូនក្រុមរបស់លោក ដើម្បីឡើងទៅលេងជុំចុងក្រោយ WC26 ដោយត្រូវប្រជែងពិន្ទុក្នុងពូលជាមួយក្រូអាត ហ្គាណា និងប៉ាណាម៉ា។

កន្លងមកអតីតគ្រូបង្វឹកក្លឹបតោខៀវ Chelsea ខាងលើនេះធ្លាប់បានថ្លែងថា រូបលោកមិនភ័យខ្លាច ក្នុងការដកកីឡាករល្អៗចេញពីក្រុមឡើយមានដូចជា Jude Bellingham និង Phil Foden ជាដើម គិតចាប់តាំងពីចូលដឹកនាំតោកំណាចអង់គ្លេសជំនួសតំណែងលោក Gareth Southgate និងកោះហៅកីឡាករសំបូរបទពិសោធន៍ Jordan Henderson មកវិញទៀតផង។

Tuchel ថា លោកត្រូវការតុល្យភាពក្នុងក្រុមរបស់លោក ដោយមិនចាំបាច់មានកីឡាករល្អបំផុតនោះទេ។

លោកបានបញ្ជាក់ថា «ពេលខ្ញុំនិយាយទៅកាន់កីឡាករដែលមានឈ្មោះក្នុង World Cup វាតែងតែធ្វើឱ្យមានភាពខុសប្លែកគ្នារវាងទំនាក់ទំនង និងសម្ព័ន្ធភាព។ វានឹងសំខាន់ខ្លាំងណាស់ ដែលយើងជ្រើសរើសមិនត្រឹមតែភាពប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងអ្វីដែលយើងត្រូវការពីកីឡាករដែរ»

គួររំលឹកផងថា អង់គ្លេសបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២លើកនៅ Euros កាលឆ្នាំ២០២១ និងឆ្នាំ២០២៤ និងបានឆ្លង ចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 ស្ថិតក្រោមការដឹកនាំរបស់លោក Southgate មុនតែងតាំងលោក Tuchel ដឹកនាំបន្ត ដែលនឹងផុតសុពលភាពកិច្ចសន្យា ក្រោយចប់ World Cup 2026 នៅអាមេរិក មិចស៊ិក និងកាណាដា៕