កម្មវិធីទូរស័ព្ទឈ្មោះ «តើអ្នកស្លាប់ហើយឬនៅ?» កំពុងអង្រួនចិត្តយុវជនចិន និងឆ្លុះបញ្ចាំងពីវិបត្តិ «ភាពឯកោ» ក្នុងសង្គម

16-01-2026 13:06

(បរទេស)៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះដ៏គួរឱ្យខ្លាចបាននឹងកំពុងល្បីល្បាញពាសពេញប្រទេសចិន។ កម្មវិធីនេះបានវាយលុកចំចំណុចរសើបនៃ «ភាពឯកោ» និង «ការមិនពេញចិត្តនឹងជីវិត» របស់យុវវ័យនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាង​គេ​លំដាប់ទី ២ ក្នុងលោកមួយនេះ។

កម្មវិធីដែលមានឈ្មោះថា «Are You Dead» (តើអ្នកស្លាប់ហើយឬនៅ?) ត្រូវបានរចនាឡើងសម្រាប់អ្នកដែលរស់នៅម្នាក់ឯង។ យន្តការរបស់វា​មាន​ភាព​សាមញ្ញបំផុត៖ អ្នកប្រើប្រាស់ត្រូវចូលទៅកាន់កម្មវិធីជារៀងរាល់ថ្ងៃដើម្បីបញ្ជាក់ថាខ្លួននៅរស់។ ប្រសិនបើខកខានមិនបានចូលក្នុងរយៈ​ពេលប៉ុន្មាន​ថ្ងៃជាប់ៗគ្នា កម្មវិធីនឹងផ្ញើសារជូនដំណឹងដោយស្វ័យប្រវត្តិទៅកាន់ «លេខទូរស័ព្ទសង្គ្រោះបន្ទាន់» ដែលអ្នកប្រើប្រាស់បានចុះឈ្មោះទុក។

យោងតាមសារព័ត៌មាន Global Times កម្មវិធីនេះបានហក់ឡើងដល់លំដាប់លេខ ១ ក្នុងបញ្ជីកម្មវិធីដែលត្រូវបង់ថ្លៃ (Paid App) របស់ Apple App និងដាក់ឱ្យមានការបង់ប្រាក់ប្រចាំខែដើម្បីទ្រទ្រង់ប្រព័ន្ធ។

ភាពល្បីល្បាញនៃកម្មវិធីនេះបានឆ្លុះបញ្ចាំងពីនិន្នាការដ៏ធំមួយនៅក្នុងប្រទេសចិនដែលមានប្រជាជន ១,៤ ពាន់លាននាក់។ ការព្យាករណ៍ឆ្នាំ ២០៣០ បានបង្ហាញថា ចំនួនគ្រួសារដែលមានសមាជិកតែម្នាក់ឯង (Single-person households) អាចនឹងកើនឡើងដល់ ២០០ លានគ្រួសារ មូលហេតុចម្បងនោះគឺបណ្ដាលមកការកើនឡើងនៃចំនួនមនុស្សចាស់ដែលរស់នៅដាច់ដោយឡែកពីកូនៗ និងការចំណាកស្រុករបស់យុវជនរាប់រយលាននាក់ទៅកាន់ទីក្រុងធំៗដើម្បីរកការងារធ្វើ ដោយបន្សល់ទុកឪពុកម្តាយឱ្យរស់ក្នុងភាពឯកោនៅឯជនបទ។ មួយវិញទៀតគឺ វិបត្តិអាពាហ៍ពិពាហ៍។ អត្រាអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០២៤ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៦ ដែលនាំឱ្យអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់។

លើសពីនេះ បញ្ហាភាពអត់ការងារធ្វើរបស់យុវជន បូករួមនឹងសម្ពាធផ្លូវចិត្ត ភាពថប់បារម្ភ និងការអស់សង្ឃឹម បានធ្វើឱ្យកម្មវិធីដែលមានឈ្មោះ «មរណៈ» មួយនេះ ក្លាយជាទីបង្អែកផ្លូវចិត្ត និងជាប្រព័ន្ធសុវត្ថិភាពចុងក្រោយសម្រាប់ពួកគេ។

ទោះបីជាកម្មវិធីនេះត្រូវបានដកចេញពី App Store ក្នុងប្រទេសចិនដីគោកកាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើនបានសម្តែងការគាំទ្រ។ អ្នកលេងបណ្តាញសង្គម Weibo ម្នាក់បានសរសេរថា៖ «ជាលើកដំបូងហើយ ដែលមានអ្នកណាម្នាក់បារម្ភថាខ្ញុំស្លាប់ ឬរស់»។ អ្នកខ្លះទៀតយល់ថា កម្មវិធីនេះគឺជា «សេចក្តីថ្លៃថ្នូរចុងក្រោយ» សម្រាប់អ្នករស់នៅម្នាក់ឯង ដើម្បីកុំឱ្យបាត់ខ្លួនទៅដោយគ្មាននរណាដឹង។

ដើម្បីកាត់បន្ថយភាពអវិជ្ជមាន ក្រុមអ្នកបង្កើតដែលជាយុវជន ៣ នាក់ កើតក្រោយឆ្នាំ ១៩៩៥ បានសម្រេចចិត្តប្តូរឈ្មោះកម្មវិធីទៅជា «Demumu» សម្រាប់ការប្រើប្រាស់ជាសកល។ ឈ្មោះថ្មីនេះមានន័យបង្កប់ថា៖ "De" មកពីពាក្យថា "Death" (សេចក្តីស្លាប់) និង "mumu" បន្ថែមដើម្បីឱ្យស្តាប់ទៅមានភាពស្និទ្ធស្នាលជាងមុន។

សាស្ត្រាចារ្យ Stuart Gietel-Basten មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង បានលើកឡើងថា ទោះបីជាបច្ចេកវិទ្យានេះអាចជួយសង្គ្រោះជីវិតមនុស្សបាន ប៉ុន្តែសង្គមទាំងមូលមិនគួរទុកឱ្យវាជំនួសឱ្យ «ទំនាក់ទំនងពិតប្រាកដរវាងមនុស្ស និងមនុស្ស» នោះឡើយ៕