OpenAI នឹងសាកល្បងដាក់ពាណិជ្ជកម្មក្នុង ChatGPT ដើម្បីបង្កើនចំណូល
17-01-2026 08:15
(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសថា ខ្លួននឹងចាប់ផ្តើម សាកល្បងដាក់ពាណិជ្ជកម្ម (Ads) នៅក្នុងកម្មវិធី ChatGPT នាពេលខាងមុខ ដោយមានគោលបំណង បង្កើនប្រាក់ចំណូល និងគាំទ្រចំណាយដ៏ខ្ពស់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
យោងតាមសារព័ត៌មាន Reuters ការសាកល្បងនេះនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិកជាមុនសិន ហើយនឹងអនុវត្តចំពោះអ្នកប្រើប្រាស់ ChatGPT ជំនាន់ឥតគិតថ្លៃ (Free) និងកម្រិតជាវតម្លៃទាប ខណៈដែលអ្នកប្រើប្រាស់ជំនាន់បង់ប្រាក់ខ្ពស់ដូចជា Plus, Pro, Business និង Enterprise នឹងមិនឃើញពាណិជ្ជកម្មទេ។
OpenAI បានបញ្ជាក់ថា ពាណិជ្ជកម្មទាំងនេះនឹងត្រូវ បង្ហាញដោយដាច់ពីចម្លើយរបស់ AI យ៉ាងច្បាស់ ហើយនឹងមានស្លាកសម្គាល់ថាជាពាណិជ្ជកម្ម មិនមែនជាផ្នែកនៃចម្លើយរបស់ ChatGPT ទេ។ ក្រុមហ៊ុនក៏អះអាងថា ពាណិជ្ជកម្មមិនមានឥទ្ធិពលលើចម្លើយរបស់ AI ហើយមិនលក់ ឬចែករំលែកខ្លឹមសារសន្ទនារបស់អ្នកប្រើប្រាស់ទៅឱ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។ ការសម្រេចចិត្តនេះត្រូវបានមើលឃើញថា ជាជំហានសំខាន់មួយសម្រាប់ OpenAI ខណៈដែលក្រុមហ៊ុនកំពុងប្រឈមមុខនឹង ចំណាយខ្ពស់លើសេវា Cloud និងកុំព្យូទ័រកម្រិតខ្ពស់ សម្រាប់ដំណើរការ AI។ ពាណិជ្ជកម្មត្រូវបានចាត់ទុកថា ជាវិធីមួយដើម្បីរកប្រាក់ចំណូលបន្ថែម ដោយមិនបង្ខំឲ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវបង់ថ្លៃជាវ។
អ្នកវិភាគមួយចំនួនបានព្រមានថា ការដាក់ពាណិជ្ជកម្មអាចប៉ះពាល់ដល់ ទំនុកចិត្ត និងបទពិសោធន៍អ្នកប្រើប្រាស់ ប្រសិនបើមិនគ្រប់គ្រងឲ្យបានល្អ។ ទោះជាយ៉ាងណា OpenAI បានអះអាងថា វិធានការនេះមានគោលបំណង ពង្រីកការចូលប្រើ ChatGPT ឲ្យទូលំទូលាយ និងរក្សាសេវាកម្មបង់ប្រាក់ឲ្យនៅតែគ្មានពាណិជ្ជកម្មដដែល៕







