ក្លឹបរមាស Roma អាយុកាលជិត ១០០ឆ្នាំ ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Malen ពី Aston
17-01-2026 09:29
(បរទេស)៖ ក្លឹបបាល់ទាត់អាជីព AS Roma ដែលត្រូវបានបង្កើតឡើងមានរយៈពេល ៩៨ឆ្នាំមកនេះ បានចុះកិច្ចសន្យាជាមួយក្លឹបអង់គ្លេស Aston Villa ដើម្បីនាំយកខ្សែប្រយុទ្ធជួរមុខ Donyell Malen មកកាន់ទឹកដីអ៉ីតាលី ក្រោមតម្លៃផ្ទេរបិទជិត។
បើយោងតាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា Aston សមាជិកលេងនៅក្របខណ្ឌ Premier League ពុំបានបញ្ជាក់ពីតម្លៃផ្ទេរឡើយ ក៏ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់ Roma វិញបានបង្ហើបថា ការផ្ទេរនេះជាលក្ខណៈខ្ចីជើង ភ្ជាប់ជាមួយនឹងជម្រើសទិញដាច់ទៀតផង។
កីឡាករអន្តរជាតិហូឡង់ វ័យ ២៦ឆ្នាំ Malen ស៊ុតបាន ១០គ្រាប់ ពីការបង្ហាញខ្លួន ៤៦ប្រកួតជាមួយ Aston ក្រោយផ្ទេរចេញពី Borussia Dortmund របស់អាល្លឺម៉ង់កាលខែមករា ឆ្នាំ២០២៥។
អតីតកីឡាកររបស់ Ajax ដែលដុះដាលចេញពីថ្នាល Arsenal ផងនោះ បានផ្តើមអាជីពបាល់ទាត់ក្នុងក្រុមធំ PSV Eindhoven មុនផ្លាស់ទៅកាន់ Dortmund កាលឆ្នាំ២០២១។ Malen រកបាន ១០៤គ្រាប់ពីការលេង ២៩៤ប្រកួតក្នុងក្លឹប និងស៊ុតបាន ១៣គ្រាប់ផងដែរសម្រាប់ជម្រើសជាតិទឹកក្រូចហូឡង់ ពីការចូលលេងបាន ៤៩លើក។
Malen នឹងពាក់អាវលេខ១៤ នៅក្លឹបថ្មី Roma ក្នុងក្របខណ្ឌ Serie A ដែលកំពុងស្ថិតក្នុងលេខរៀងទី៥ បណ្តោះអាសន្នរដូវកាលនេះ៕



