រដ្ឋកាលីហ្វ័រញ៉ាចេញមុខព្រមានធ្ងន់ៗដល់ក្រុមហ៊ុន Elon Musk រឿង AI ផលិតរូបភាពអាសអាភាស

17-01-2026 09:50

(បរទេស)៖ អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា បានផ្ញើលិខិតព្រមានជាផ្លូវការទៅកាន់ក្រុមហ៊ុន xAI របស់លោក Elon Musk ដើម្បីបង្គាប់ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្មវិធី Grok chatbot ក្នុងការបង្កើតរូបភាពអាសអាភាសក្លែងក្លាយ (Deepfake)។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីមានការរកឃើញថា ប្រព័ន្ធ AI នេះត្រូវបានគេយកទៅប្រើដើម្បីផលិតរូបភាពមិនសមរម្យរបស់ស្ត្រី និងកុមារ ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។

អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Robert Bonta បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដោយលើកឡើងថា៖ «របាយការណ៍ដែលហូរហៀរមកជាបន្តបន្ទាប់អំពីមាតិកាទាំងនេះ ដែលជួនកាលបង្ហាញពីរូបភាពស្ត្រី និងកុមារក្នុងសកម្មភាពផ្លូវភេទ គឺជារឿងដ៏គួរឱ្យតក់ស្លុតបំផុត ហើយតាមការកំណត់របស់ការិយាល័យខ្ញុំ ទង្វើនេះអាចជាការខុសច្បាប់»។ ទោះបីជាមានការរឹតត្បិតខ្លះៗពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែការធ្វើតេស្តជាក់ស្តែងបង្ហាញថា កម្មវិធីនេះនៅតែអាចផលិតរូបភាពអាសអាភាសជាលក្ខណៈឯកជនតាមការកម្ម៉ង់របស់អ្នកប្រើប្រាស់បានដដែល។

ក្រៅពីរដ្ឋកាលីហ្វ័រញ៉ា អាណាចក្របច្ចេកវិទ្យារបស់លោក Musk ក៏កំពុងប្រឈមមុខនឹងសម្ពាធជុំទិសពីបណ្តាប្រទេសនានាដូចជា អង់គ្លេស សហភាពអឺរ៉ុប ជប៉ុន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាក់ស្តែង រដ្ឋមន្ត្រីជប៉ុនលោកស្រី Kimi Onoda បានបញ្ជាក់ថា ជប៉ុនកំពុងតាមដានរឿងនេះយ៉ាងដិតដល់ ដោយលោកស្រីបានលើកឡើងថា មន្ត្រីបានស្នើឱ្យ X អនុវត្តការកែលម្អជាបន្ទាន់ «ប៉ុន្តែពួកគេនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីក្រុមហ៊ុននៅឡើយទេ»