Dembele ស៊ុត ២គ្រាប់បំបាក់ Lille ជួយជ្រោមជ្រែង PSG ឡើងឈរទីកំពូលតារាង Ligue 1 វិញ
17-01-2026 10:41
(ប៉ារីស)៖ ម្ចាស់ពានបាល់មាស Ballon d’Or រដូវកាលមុន Ousmane Dembele រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៣ទល់នឹង០ ទៅលើគូប្រជែង Lille យប់មិញ ក្នុងការជួយជ្រោមជ្រែងក្លឹប Paris Saint-Germain ឡើងទៅឈរកំពូលតារាង Ligue 1 2025-26 ជាថ្មី។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធបារាំងរូបនេះបានផ្តើមរកបានគ្រាប់បាល់បើកឆាកស្រួលៗ តាមរយៈស៊ុតពីចម្ងាយ ២០យ៉ាតឯណោះនៅនាទី១៣ មុនពេលធ្វើបានគ្រាប់ទី២ ក្នុងប្រអប់នៃកីឡដ្ឋាន Parc des Princes ដែលទើបជាសះស្បើយពីរបួសរួចមក។
៣ពិន្ទុបន្ថែមក្នុងដីសម្រាប់ក្រុមការពារជើងឯកនេះដែរ បានញាំងឱ្យក្រុមរបស់លោក Luis Enrique បានឡើងទៅគ្រប់គ្រងកំពូលតារាង Ligue 1 ជាថ្មី គិតត្រឹមសប្តាហ៍ទី១៨ ដោយមាន ៤២ពិន្ទុ នាំមុខ ២ពិន្ទុបើធៀបនឹងក្រុមលេខ២ Lens ដ្បិតពួកគេនៅសល់ ១ប្រកួតក្នុងដៃប៉ះក្រុម Auxerre នារាត្រីថ្ងៃសៅរ៍នេះ។
អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Enrique របស់ PSG បានលើកឡើងថា ទោះបីខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ Dembele បង្ហាញភាពលេចធ្លោក្នុងតំបន់ប្រយុទ្ធក៏ពិតមែន ក៏គាត់នៅតែត្រូវការចល័តបានច្រើនកន្លែងក្នុងប្រកួតនេះដែរ។
លោកថា «គ្រប់គ្នានឹងនិយាយថា Dembele គឺជាកីឡាករល្អបំផុត ប៉ុន្តែសម្រាប់ខ្ញុំវិញ មិនទាន់គ្រប់គ្រាន់ទេ។ ពួកយើងនៅតែត្រូវការ និងរង់ចាំមើលតើគាត់ធ្វើបានល្អកម្រិតណាទៀតរដូវកាលនេះ។ ពួកយើងពិតជាត្រូវការកីឡាករដូចគាត់ ដូចដែលធ្លាប់ធ្វើបានរដូវកាលមុន និងសង្ឃឹមថាបន្តធ្វើបានដូចនេះទៀតរដូវកាលនេះ»៕



