យល់ដឹងកីឡា៖ លក្ខខណ្ឌទិញ-ដូរផ្សេងៗរវាងកិច្ចសន្យាកីឡាករ និងក្លឹប សម្រាប់បាល់ទាត់

17-01-2026 13:15

(បរទេស)៖ កន្លងមកប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់ តែងតែបានជ្រួតជ្រាបពីការទិញ-ដូរកីឡាករ រួមទាំងការបន្លាយកិច្ចសន្យាថ្មី និងការព្រមព្រៀងគ្នាទៅវិញទៅមក ដើម្បីបញ្ចប់កិច្ចសន្យាមុនកាលកំណត់ និងការផ្ទេរជាលក្ខណៈខ្ចីជើងជាដើម។

មែនទែនទៅ កិច្ចសន្យារវាងកីឡាករ និងក្លឹប គឺជាឯកសារផ្លូវច្បាប់ដ៏ស្មុគស្មាញមួយ ដែលនឹងត្រូវរ៉ាយរ៉ាប់ដូចខាងក្រោម តាមរយៈដកស្រង់ចេញផ្សាយពីគេហទំព័រ EF11 sports management។

- រយៈពេលនៃកិច្ចសន្យា
ជាទូទៅ រយៈពេលកិច្ចសន្យាមានត្រឹមតែ ១-៥ឆ្នាំប៉ុណ្ណោះ និងលក្ខខណ្ឌអាចបន្តទៀតបានដែរ វាអាស្រ័យទៅលើការព្រមព្រៀងគ្នារវាងកីឡាករ និងក្លឹប។

- ប្រាក់ខែ
ប្រាក់ខែ គឺជាកត្តាសំខាន់បំផុតមួយក្នុងកិច្ចសន្យារបស់កីឡាករ ដោយវារួមបញ្ចូលទាំងប្រាក់ខែគោល ប្រាក់ឧបត្ថម្ភទម្រង់លេង ប្រាក់ឧបត្ថម្ភទៅលើសមិទ្ធផលទទួលបាន (គ្រាប់បាល់, បញ្ជូន និងចំនួននៃការលេង) និងការឈ្នះពានរង្វាន់ផ្សេងៗទៀតផង។

ប្រាក់ពលកម្ម ឬប្រាក់ខែនេះ វាអាចត្រូវបានបែងចែកជាប្រចាំសប្តាហ៍ ខែ ឬក៏ប្រចាំឆ្នាំក៏មាន។

- តម្លៃលក់ចេញ
វាជាចំនួនទឹកប្រាក់ដ៏ជាក់លាក់មួយ ដែលក្លឹបនានាបានកំណត់តម្លៃខ្លួនលក់ចេញ មុនពេលកិច្ចសន្យារបស់កីឡាករ អស់សុពលភាព។ ជាធម្មតាតម្លៃលក់ចេញតែងតែខ្ពស់ ដើម្បីការពារពីការបាត់បង់កីឡាកររបស់ពួកគេដែរ។

- ប្រាក់រង្វាន់ និងភាគលាភ
ដើម្បីជាការបន្ថែមទៅលើប្រាក់ខែគោល គ្រប់កីឡាករអាចទទួលបានប្រាក់ឧបត្ថម្ភជាលក្ខណៈឯកជន និងជាក្រុម មានរួមបញ្ចូលទាំងរកគ្រាប់បាល់ បញ្ជូន ចំនួនប្រកួត និងការឈ្នះពានផ្សេងៗផងដែរ។

- សិទ្ធិលក់រូបភាព
សិទ្ធិលក់រូបភាព ក៏ជាផ្នែកសំខាន់មួយផងដែរក្នុងកិច្ចសន្យា ដែលអនុញ្ញាតឱ្យកីឡាកររកបានចំណូលខ្លះដែរ ដែលមាននិយាយគ្នាលំអិតនៅក្នុងកិច្ចសន្យារវាងកីឡាករ និងក្លឹប។

- ការផ្ទេរចេញទៅក្លឹបដទៃ
កិច្ចសន្យារបស់កីឡាករ ក៏ត្រូវបានចងដោយស្ថិតក្រោមលក្ខខណ្ឌ ក្នុងការផ្ទេរចេញទៅក្លឹបដទៃទៀតដែរ ដោយមានការឯកភាពគ្នាពីភាគីទាំងពីរ ក្នុងករណីជាច្រើនមានទាំងប្រាក់ពលកម្ម និងតម្លៃផ្ទេរទៀតផង។

- ការផ្ទេរចេញ អំឡុងមានរបួស
បាល់ទាត់ គឺជាប្រភេទកីឡាដែលហានិភ័យខ្ពស់។ ក្នុងកិច្ចសន្យាផ្ទេរចេញ ពេលអំឡុងមានរបួស ក៏ត្រូវបានចង ដែលវាអាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេដែរ ពីសមត្ថភាពក្នុងការលេងឱ្យក្លឹបថ្មី។

- កាតព្វកិច្ចកីឡាករ
ក្នុងកិច្ចសន្យា ក៏បាននិយាយគ្នាលំអិតអំពីកាតព្វកិច្ចរបស់កីឡាករដែរមានដូចជា ការចូលរួមហ្វឹកហាត់បានទៀងទាត់ ស្ថានភាពរាងកាយ ទំនាក់ទំនងវិជ្ជមានក្នុងក្រុម ទាំងក្នុង និងក្រៅទីលានទៀតផង។

- ដំណោះស្រាយវិវាទ
រាល់វិវាទរវាងកីឡាករ និងក្លឹប ក៏មានយន្តការអន្តរាគមន៍ពីសហព័ន្ធ FIFA និងភាគីពាក់ព័ន្ធផ្សេងៗទៀតដែរ៕