ទីបំផុតជំនួបរវាងព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុមថៃ Bangkok United ត្រូវបានលើកពេល
17-01-2026 16:15
(ភ្នំពេញ)៖ ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ ក្នុងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ពូល B ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៩ ខែមករាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ត្រូវបានលើកពេលហើយ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបព្រះខ័នរាជស្វាយរៀង នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
សេចក្ដីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា «សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានសម្រេចពន្យារ និងត្រូវរៀបចំកាលវិភាគប្រកួតឡើងវិញ ដោយការប្រកួតនេះនឹងមិនត្រូវបានធ្វើឡើងតាមកាលបរិច្ឆេទដែលបានប្រកាស និងកំណត់នោះទេ។ បច្ចុប្បន្នក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងជិតស្និទ្ធបំផុតជាមួយ AFF និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកាលវិភាគប្រកួតថ្មី ហើយក្លឹបនឹងជូនដំណឹងដល់សាធារណជន និងអ្នកគាំទ្រនៅពេលសមស្របណាមួយ»។
គួរដឹងថា កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ ព្រះខ័នរាជស្វាយរៀង បានជូនដំណឹងអំពីកាលបរិច្ឆេទ នៃការប្រកួតជាមួយក្រុម Bangkok United នាចុងខែនេះ ក្រោយលេចលឺព័ត៌មានចរចាមអារ៉ាមអំពីការលើកពេលជាបន្ដបន្ទាប់ តាមសំណើពីភាគីក្លឹបថៃ។ រហូតដល់ថ្ងៃទី១៦ ខែមករាម្សិលមិញ AFF ក៏បានជូនដំណឹងពីការលើកពេលការប្រកួតរវាងក្រុមទាំងពីរ ដែលអាចលេងនៅខែមីនា ឬខែមេសាខាងមុខ តែមិនទាន់បញ្ជាក់ទឹកដីត្រូវប្រកួតឡើយ មុនក្រុមជើងឯកលីគកំពូលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ថ្ងៃនេះ។
គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៣ នៃពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ខាងលើ ដោយរកបាន ៤ពិន្ទុ ស្មើក្រុម Lion City Sailors របស់សិង្ហបុរី ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះ ១ ស្មើ ១ និងចាញ់ ១ តាមពីក្រោយក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដែលរកបាន ៧ពិន្ទុ និងក្រុមកំពូលតារាង Nam Dinh របស់វៀតណាម រកបាន ៩ពិន្ទុ។ ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង ស្មើក្រុមខ្លាំង Johor Darul Ta’zim ២-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕







