ភ្នំពេញក្រោន ជួបព្រះខ័នរាជ ប្រជែងកៅអីកំពូលតារាងស្អែក ខណៈសំបុត្រចូលទស្សនាលក់ដាច់គ្មានសល់
17-01-2026 16:18
(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀង នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ស្អែក ក្នុងជំនួបជើងទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ សប្ដាហ៍ទី១៧ ដែលជាជំនួបដ៏ទាក់ទាញ ដ្បិតក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីរក្សា និងប្រជែងកៅអីកំពូលតារាងបណ្ដោះអាសន្ន។
ទន្ទឹមជាមួយជំនួបដ៏ធំប្រចាំសប្ដាហ៍ រវាងក្រុមកំពុងឈរលេខ១ និងលេខ២ ដែលមានពិន្ទុប្រកៀកប្រកិតគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង ដែលធ្វើឲ្យសំបុត្រចូលទស្សនាសរុបចំនួន ៤,៥០០សំបុត្រ បានលក់អស់គ្មានសល់ មុនថ្ងៃប្រកួតផ្លូវការ គិតត្រឹមរសៀលថ្ងៃទី១៧ ខែមករានេះ ។ នេះបើតាមការជូនដំណឹងរបស់ក្លិបភ្នំពេញក្រោន។
បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៣៦ពិន្ទុ ក្រោយឆ្លងកាត់ ១៥ប្រកួតឈ្នះ ១២ និងចាញ់ ៣ គ្រាដែលភ្នំពេញក្រោន ឈរលេខ២ មាន ៣៤ពិន្ទុ តែទើបប្រកួតបាន ១៤ដងឈ្នះ ១០ និងស្មើ ៤ មិនទាន់ស្គាល់ចាញ់ ។ តាមរយៈនេះ ពិន្ទុរវាងក្រុមទាំងពីរ កំពុងប្រដេញគ្នាខ្លាំង ហើយក៏ត្រូវការឈ្នះចាំបាច់ ដើម្បីប្រជែងកៅអីកំពូលតារាងផង និងបង្កើនឱកាសឈានទៅប្រជែងជើងឯកផង។
កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះព្រះខ័នរាជស្វាយរៀង ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ប៉ុន្ដែជំនួបជើងទី២ ស្អែកនេះ ក្រៅពីទាក់ទាញអ្នកទស្សនាដ៏ច្រើន គេក៏រំពឹងថា នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តផងដែរ បន្ទាប់ពីក្រុមទាំងពីរ បានរុះរើស និងផ្លាស់ប្ដូរកីឡាករថ្មីៗមួយចំនួន ពិសេសកីឡាករបរទេស ដែលនឹងជំរុញឲ្យការប្រករវាងក្រុមខ្លាំង ប៉ះខ្លាំងនេះ កាន់តែកក្រើកថែមទៀត។ ដូច្នេះចាំមើលតើព្រះខ័នរាជស្វាយរៀង ឬភ្នំពេញក្រោន នឹងឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយជំនួបសប្ដាហ៍ទី១៧?
ក្រៅពីជំនួបដ៏ធំនេះ ក៏នឹងមានការប្រកួតសំខាន់ៗ ៤គូផ្សេងទៀត ក្នុងនោះក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ និងក្រុម អាយអេសអាយ ដង្កោសែនជ័យ ជួបក្រុមភ្ញៀវវិសាខា នៅល្ងាចថ្ងៃទី១៧ ខែមករានេះ ខណៈ ២គូទៀត គឺក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា ត្រូវជួបក្រុមភ្ញៀវបឹងកេត នៅកីឡដ្ឋានវិសាខា និងក្រុមឡាយហ្វខេត្តព្រះសីហនុ នឹងត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ ខែមករាស្អែក នៅទឹកដីខេត្តព្រះសីហនុ៕








