Carrick ដឹកនាំ Man Utd មិនទាន់ចាញ់ពីការវិលមកកាន់តំណែងជាលើកទី២ និងផ្តួលក្រុមខ្លាំង City ២-០

18-01-2026 10:02

(មេនឆេស្ទើ)៖ លោក Michael Carrick ពោរពេញដោយក្តីរំភើបពីការចាប់ផ្តើមដ៏ល្អ ក្រោយវិលមកដឹកនាំក្លឹបបិសាចក្រហម Manchester United ជាលើកទី២ របស់លោក ដោយបានយកឈ្នះក្រុមភ្ញៀវ មេឃខៀវ Manchester City ២ទល់នឹង០ នៃជំនួប Derby កាលពីរាត្រីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែប្រយុទ្ធកាមេរូន Bryan Mbeumo ដែលទើបវិលត្រឡប់ពីជួយជម្រើសជាតិនៅកម្មវិធី Africa Cup of Nations 2025 ជាអ្នករកបានគ្រាប់ឆាកនៅនាទី៦៥ មុនពេល Patrick Dorgu ធ្វើបានសម្រេចគ្រាប់ទី២ នៅរយៈពេល ១១នាទីបន្ទាប់ក្នុងកីឡដ្ឋាន Old Trafford នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៧ម៉ឺននាក់។

នេះមានន័យថា ពួកគេយកបាន ៣ពិន្ទុត្រឡប់មកវិញ ក្រោយបរាជ័យ ៣-០ នៅកីឡដ្ឋាន Etihad កាលពីជើងទី១ ក្នុងលីគអង់គ្លេសរដូវកាល ២០២៥-២៦ និងបានរារាំង City ពីការលេង ៤ប្រកួតនៅ Premier League មិនឈ្នះផងដែរ។

៣ពិន្ទុបន្ថែមប្រចាំសប្តាហ៍ទី២២ ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន Carrick រហូតចប់រដូវកាលនេះនាំឱ្យ Man Utd រកបាន ៣៥ពិន្ទុឈរលេខ៥ នៅពេលក្រុមរបស់លោក Pep Guardiola មាន ៤៣ពិន្ទុឈរលេខ២ និងដាច់ ៧ពិន្ទុ ពីក្រុមកំពូលតារាង Arsenal មុនពេលកាំភ្លើងធំលេងស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ Nottingham Forest នៅយប់មិញនេះ៕