ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដើម្បីជួយជនភៀសសឹក កៀរគរបានថវិកាជាង ១២៧លានរៀល
18-01-2026 16:35
(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដើម្បីជួយជនភៀសសឹក ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា រយៈពេល ១ថ្ងៃពេញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ក្រោយទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ ហើយកៀរគរបានថវិកាសរុបចំនួន ១២៧,៨៧៥,០០០រៀល។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានសម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាពជាខ្លាំង ចំពោះការរៀបចំ និងការចូលរួមរបស់ប្រជាពលរដ្ឋ ដែលចូលរួមដោយបេះដូង និងឆន្ទៈពីប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ក្រោមស្មារតីខ្មែរតែមួយ ដើម្បីរួមគ្នាជាធ្លុងមួយជួយជាតិ ក្នុងគ្រាលំបាកនេះ ដោយអ្នកខ្លះជួយជាសម្ភារ: អ្នកខ្លះជួយជាថវិកា និងអ្នកខ្លះជួយជាកម្លាំងជាដើម។
ជាមួយព្រឹត្តិការណ៍ផ្ដួចផ្ដើមគំនិតរៀបចំដោយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធនេះដែរ ចំពោះថវិកាទទួលបានពីការបរិច្ចាគទាំងអស់ សហព័ន្ធនឹងបរិច្ចាគដល់ក្រុមហ៊ុនដៃគូ សម្រាប់ធ្វើការចាត់ចែងរៀបចំជួយសម្រួសដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅភូមិឋានវិញ រួមមានការសាងសង់នូវបង្គន់អនាម័យ និងម៉ាស៊ីនចម្រុះទឹកស្អាតជាដើម។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតនេះវិញ ក្រុមខ្លាំងៗចូលរួមទាំង៤ សុទ្ធតែបានបង្ហាញនូវការប្រកួតប្រជែងកម្រិតខ្ពស់ ដែលបានទាក់ទាញការគាំទ្រជាខ្លាំងពីទស្សនិកជន។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានចាត់ទុកនេះ គឺជាវេទិកាមួយដ៏ល្អ ក្រៅពីផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ក៏ជាការបំផុសសកម្មភាពកីឡាបាល់ទះឡើងវិញ ក្រោយខកខានមួយរយៈពេលធំ ក៏ដូចជាការត្រៀមដំណើរឆ្ពោះទៅការប្រកួតផ្លូវការ នៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ នាដើមខែកម្ភៈខាងមុខផងដែរ។
ចំពោះលទ្ធផលការប្រកួតបាល់ទះសប្បុរសធម៌ខាងលើ គឺក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជាប់លេខ២ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រួមមានឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-០សិត នៅវគ្គជម្រុះ និងវគ្គផ្ដាច់ព្រ័ត្រ បានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-២សិត ដែលធ្វើឲ្យក្រសួងមហាផ្ទៃ បានត្រឹមលេខ២។ រីឯវិសាខា បានជាប់លេខ៣ ក្រោយប្រកួតជម្រុះចាញ់ក្រុមក្រសួងមហាផ្ទៃ ៣-១សិត មុនយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្នុងវគ្គដណ្ដើមលេខ៣៕









