ហ្វាំងឡង់ ជោគជ័យក្នុងការបញ្ចូនអគ្គិសនីតាមអាកាស ដោយមិនចាំបាច់ប្រើខ្សែភ្លើង
19-01-2026 09:00
(បរទេស)៖ អ្នកវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាស ដោយប្រើរលកសំឡេងអ៊ុលត្រាសូនិក (ultrasonic) និង កាំរស្មីឡាស៊ែរ ដោយមិនចាំបាច់មានខ្សែភ្លើង។ ជាក់ស្តែង ប្រទេសហ្វាំងឡង់ កំពុងឈានមុខគេក្នុងបដិវត្តន៍ថាមពលឥតខ្សែ ខណៈដែលក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ហែលស៊ីងគី (University of Helsinki) និង សាកលវិទ្យាល័យអ៊ូលូ (the University of Oulu) បានបង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្លាស់ទីអគ្គិសនីដោយមិនប្រើខ្សែ។
តាមរយៈការស្រាវជ្រាវនោះ គឺបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសមើលមិនឃើញ» ដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់។ បច្ចេកវិទ្យានេះ ត្រូវបានហៅថា «ខ្សែសំឡេង» (Acoustic Wire)។ បច្ចុប្បន្ន បច្ចេកវិទ្យានេះនៅស្ថិតក្នុងដំណាក់កាលសាកល្បង ប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថា នៅពេលអនាគត វាអាចអនុញ្ញាតឲ្យមានការតភ្ជាប់អគ្គិសនីដោយមិនប៉ះពាល់ និងបង្កើតចំណុចប្រទាក់ឆ្លាតវៃ ដែលដំណើរការដោយគ្មានដោតភ្លើង ឬខ្សែប្រពៃណី។ ក្រៅពីការប្រើសំឡេងដឹកនាំថាមពល ការច្នៃប្រឌិតរបស់ហ្វាំងឡង់ ក៏កំពុងប្រើប្រាស់ ពន្លឺ និងរលកវិទ្យុ ដើម្បីដោះស្រាយបញ្ហាថាមពលស្មុគស្មាញផងដែរ។ វិស័យឯកជន កំពុងអភិវឌ្ឍប្រព័ន្ធ «ថាមពលតាមពន្លឺ» (Power-by-Light) ដែលប្រើកាំរស្មីឡាស៊ែរកម្លាំងខ្ពស់ ដើម្បីបញ្ជូនអគ្គិសនីទៅកាន់ឧបករណ៍ទទួលនៅចម្ងាយ ធានាបាននូវការបំបែកអគ្គិសនីសុវត្ថិភាព សម្រាប់បរិស្ថានគ្រោះថ្នាក់ ដូចជា រោងចក្រនុយក្លេអ៊ែរ និងស្ថានីយ៍តង់ស្យុងខ្ពស់។
ជាមួយគ្នានេះដែរ ការអភិវឌ្ឍន៍ក្នុងការប្រមូលថាមពលពី រលកវិទ្យុ (Radio Frequency Harvesting) កំពុងបម្លែងរលកជុំវិញខ្លួនឲ្យក្លាយជា «Wi-Fi សម្រាប់ថាមពល» ដែលអាចកាត់បន្ថយ ឬលុបបំបាត់ការប្រើប្រាស់ថ្មចោលរាប់លានគ្រាប់ សម្រាប់ឧបករណ៍ IoT ប្រើថាមពលទាប។ បច្ចេកវិទ្យាទាំងនេះ បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ មកកាន់ហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលមានភាពបត់បែនខ្ពស់ និងគ្មានខ្សែ សម្រាប់វិស័យឧស្សាហកម្មទូទាំងពិភពលោក៕










