សេណេហ្គាល់ គ្រងជើងឯកពានអាហ្រ្វិក Afcon ជាលើកទី២ ក្រោយផ្តួលម្ចាស់ផ្ទះម៉ារ៉ុក ក្នុងម៉ោងថែម
19-01-2026 09:44
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានលើកពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ក្រោយយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនារាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា សេណេហ្គាល់បានវិលគ្រប់គ្រងពាន ២ឆ្នាំម្តងនេះជាលើកទី២ ទៀត បន្ទាប់ពីឈ្នះលើកដំបូងកាលពីឆ្នាំ២០២១។
ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះដែរ ក៏មានការពន្យារពេលដល់ទៅ ១៧នាទីឯណោះ ដោយសារផ្ទុះកំហឹង នៅពេលប្រព័ន្ធ VAR បានផ្តល់ពិន័យប៉េណាល់ទីឱ្យទៅខាងម្ចាស់ផ្ទះម៉ារ៉ុក មូលហេតុខ្សែការពារ El Hadji Malick Diouf បានបង្កកំហុសក្នុងតំបន់គ្រោះ ប៉ុន្តែទាត់ពុំបានសម្រេចដោយកីឡាករ Brahim Diaz។
ការប្រកួតទាំងស្រុងបានបន្តលេងឡើងវិញ ក្រោយពេលខ្សែប្រយុទ្ធមកពីក្លឹប Real Madrid ទាត់មិនចូល ហើយខ្សែបម្រើ Pape Gueye មកពីក្លឹប Villareal ជាអ្នករកបានគ្រាប់ជ័យជម្នះ ១-០ នៅ ៤នាទីបន្ទាប់ និងធានាជ័យជម្នះតែម្តង ក្រោយពេលក្រុមដំរីមួយនេះ រង់ចាំអស់ ៥ឆ្នាំមកនេះ។
គួរបញ្ជាក់ផងថា នេះជាឆ្នាំចុងក្រោយនៃកម្មវិធី Africa Cup of Nations ដែលលេងរៀងរាល់ ២ឆ្នាំម្តង មុនពេលប្តូរទៅលេង ៤ឆ្នាំម្តងវិញ នៅពេលសេណេហ្គាល់ ជាជើងឯក ហើយនីហ្សេរីយ៉ា ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះអេហ្ស៊ីប ៤-២ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលពីថ្ងៃសៅរ៍៕



