ក្រុមហ៊ុនយក្ស Micron ចាយលុយ ១,៨ ពាន់លានដុល្លារ ទិញរោងចក្រនៅតៃវ៉ាន់ ធ្វើឱ្យតម្លៃភាគហ៊ុនហក់ឡើងកប់ពពក
19-01-2026 10:36
(បរទេស)៖ ទីផ្សារភាគហ៊ុននៅតៃវ៉ាន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Powerchip (PSMC) បានហក់ឡើងជិត ១០%។ ការហក់ឡើងនេះ កើតឡើងភ្លាមៗក្រោយពេលក្រុមហ៊ុនបច្ចេកវិទ្យាអង្គចងចាំលំដាប់ពិភពលោករបស់អាមេរិក Micron ប្រកាសពីគម្រោងទិញយករោងចក្រផលិតបន្ទះឈីបដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
មូលហេតុចម្បងដែលនាំឱ្យមានការកក្រើកនេះ គឺដោយសារក្រុមហ៊ុន Micron បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកទីតាំងរោងចក្រផលិតឈ្មោះ P5 របស់ក្រុមហ៊ុន Powerchip ដែលស្ថិតនៅក្នុងស្រុក Miaoli កោះតៃវ៉ាន់។ ការវិនិយោគនេះមានតម្លៃទឹកប្រាក់រហូតដល់ ១,៨ ពាន់លានដុល្លារ ដែលជាការទូទាត់ជាសាច់ប្រាក់សុទ្ធតែម្តង។
ទាក់ទិននឹងការទិញលក់ដ៏ធំនេះ ខាងក្រុមហ៊ុន Micron បានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃសៅរ៍ថា ខ្លួនបាន «ចុះហត្ថលេខាលើលិខិតបង្ហាញឆន្ទៈ ដើម្បីទិញយកទីតាំងរោងចក្រផលិត P5 របស់ក្រុមហ៊ុន Powerchip» ដើម្បីពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ការបោះទុនដ៏មហាសាលនេះ មិនត្រឹមតែបង្ហាញពីការពង្រីកខ្លួនរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងទឹកដីតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមានដែលធ្វើឱ្យអ្នកវិនិយោគជឿជាក់កាន់តែខ្លាំងលើវិស័យផលិតបន្ទះឈីប ដែលជាបេះដូងនៃឧបករណ៍បច្ចេកវិទ្យានាពេលបច្ចុប្បន្នផងដែរ៕











