ព្រះខ័នរាជ បញ្ចប់កំណត់ត្រាមិនចាញ់ភ្នំពេញក្រោន ពង្រឹងកៅអីកំពូលតារាងលីគ សប្ដាហ៍ទី១៧
19-01-2026 10:53
(ភ្នំពេញ)៖ ទីបំផុតក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ក្រុមភ្នំពេញក្រោន ត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយវាយបកយកឈ្នះក្រៅដី ៣-២ ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដែលជួយក្រុមការពារតំណែងជើងឯកមួយនេះ រក្សាកៅអីកំពូលតារាង និងនាំមុខ ៥ពិន្ទុលើភ្នំពេញក្រោនថែមទៀត។
ជំនួបដ៏តានតឹងនៅកីឡដ្ឋានភ្នំពេញក្រោននេះ ដែលមានអ្នកទស្សនាផ្ទាល់ជាង ៥ពាន់នាក់ ត្រឹមរយៈពេលប្រមាណ ២០នាទី ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ២គ្រាប់មុនលើស្វាយរៀង ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡករ Dyer Moses នៅនាទី១៩ និងកីឡាករ Andres Nieto នៅនាទី២១ មុនក្រុមភ្ញៀវវាយបកតាមស្មើ ២-២ នៅចុងវគ្គទី១ ដោយកីឡាករ Peprah Kwame នៅនាទី៤០ និងនាទី៤៥+៤។
ចូលវគ្គទី២ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ខណៈក្រោយចាប់ផ្ដើមបានជាង ១០នាទី កីឡាករ Peprah Kwame ក៏បានស៊ុតគ្រាប់ទី៣ ឲ្យព្រះខ័នរាជស្វាយរៀង នាំមុខក្រុមម្ចាស់ផ្ទះវិញនៅនាទី៥៩ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ទោះបីមានការដាក់សម្ពាធគ្នាទៅវិញទៅមក រហូតមានការប៉ះទង្គិចគ្នាចុងម៉ោង ដោយមានទាំងការពិន័យកាតលឿង និងកាតក្រហមជាច្រើនក៏ដោយ។
ក្រោយជំនួបដ៏ក្ដៅគគុកនេះ លោក Matthew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្ដែងការពេញចិត្ត ចំពោះការទទួលបាន ៣ពិន្ទុបន្ថែម បន្ទាប់ពីការចាប់ផ្ដើមមិនសូវបានល្អរបស់កូនក្រុម។ លោកថា «វាមិនមែនជារឿងងាយស្រួលសម្រាប់ការប្រកួតនៅទីនេះ (ទឹកដីភ្នំពេញក្រោន) ប៉ុន្ដែវាជារាត្រីដ៏ស្រស់ស្អាត ជាមួយការប្រកួតលើទីលានដ៏ល្អ។ យើងពិតជាសប្បាយរីករាយ ជាមួយអ្វីដែលយើងធ្វើបាន»។
បែបនេះក្ដីលោកថា ក្រុមរបស់ខ្លួនត្រូវការពង្រឹងការបញ្ចប់ទីបន្ថែម បន្ទាប់ពីការប្រកួតធំៗ ២ប្រកួតចុងក្រោយ កូនក្រុមធ្វើមិនសូវបានល្អ តួយ៉ាងកាលពីប្រកួតជាមួយវិសាខា ក៏ដូចជាភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង សុទ្ធតែបង្កើតឱកាសល្អៗច្រើន តែធ្វើមិនបានសម្រេច។
ជាមួយការបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោននេះដែរ ព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាងកាន់តែរឹងមាំ ដោយរក្សាគម្លាត ៥ពិន្ទុពីក្រុមសិង្ហក្រហម គិតត្រឹមសប្ដាហ៍ទី១៧ នៃរដូវកាលនេះ។ ក្រុមការពារតំណែងជើងឯក រកបាន ៣៩ពិន្ទុ ក្រោយឆ្លងកាត់ ១៦ប្រកួត ឈ្នះ ១៣ និងចាញ់ ៣ គ្រាដែលក្រោន ឈរលេខ២ មាន ៣៤ពិន្ទុ ប៉ុន្ដែពួកគេទើបប្រកួតបាន ១៥ដង ឈ្នះ ១០ ស្មើ ៤ និងចាញ់ ១។
ចំណែកក្រុមណាហ្គាវើលដ៏ បានរំកិលមកឈរលេខ៣ ដោយមាន ២៨ពិន្ទុ ក្រោយយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៣-១ ខណៈបឹងកេត បានធ្លាក់ទៅឈរលេខ៤ រក្សា ២៨ពិន្ទុក្នុងដៃ ក្រោយចាញ់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ១-០ ស្របពេលវិសាខា យកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៨-១ ដើម្បីរក្សាកៅអីលេខ៦ មាន ២៤ពិន្ទុ ស្មើក្រុមអង្គរថាយហ្គឺរ ដែលឈរលេខរៀងទី៥ បណ្ដោះអាសន្ន៕










