Elon Musk ប្តឹងទាមទារប្រាក់ ១៣៤ ពាន់លានដុល្លារពី OpenAI និង Microsoft ក្នុងរឿងក្តីបំពានទំនុកចិត្ត
19-01-2026 14:42
(បរទេស)៖ មហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានធ្វើឱ្យពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលជាថ្មី ដោយការដាក់ពាក្យបណ្តឹងទាមទារសំណងជាទឹកប្រាក់រហូតដល់ ១៣៤ ពាន់លានដុល្លារ ពីក្រុមហ៊ុន OpenAI និង Microsoft។ លោក Musk អះអាងថា ក្រុមហ៊ុនទាំងពីរបានកេងចំណេញយ៉ាងមហាសាលពីការជួយជ្រោមជ្រែង និងការវិនិយោគដំបូងរបស់លោក កាលពីពេលបង្កើត OpenAI ដំបូងក្នុងឆ្នាំ ២០១៥ ដែលកាលនោះជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
មេធាវីរបស់លោក Musk គឺលោក Steven Molo បាននិយាយចំៗថា៖ «បើគ្មាន Elon Musk ទេ នោះក៏គ្មាន OpenAI ដែរ»។ លោកបានបញ្ជាក់ថា កូនក្តីរបស់ខ្លួនមិនត្រឹមតែដាក់លុយផ្ទាល់ខ្លួនជិត ៤០ លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ទាំងកេរ្តិ៍ឈ្មោះ និងចំណេះដឹងផ្នែកជំនួញ ដើម្បីជំរុញឱ្យក្រុមហ៊ុននេះជោគជ័យ។ លោក Musk អន់ចិត្តខ្លាំងព្រោះពីដំបូង OpenAI ព្រមព្រៀងគ្នាថានឹងបង្កើតឡើងដើម្បី «ជួយមនុស្សជាតិ» (មិនស្វែងរកចំណេញ) ប៉ុន្តែចុងក្រោយបែរជាចាប់ដៃជាមួយ Microsoft ដើម្បីរកលុយរាប់ពាន់លានដុល្លារទៅវិញ។
ជាការឆ្លើយតប ក្រុមហ៊ុន OpenAI បានវាយបកវិញយ៉ាងខ្លាំងៗដោយហៅការទាមទារនេះថាជា «រឿងមិនសមហេតុផល» និងគ្រាន់តែជា «យុទ្ធនាការតាមយាយី» របស់លោក Musk តែប៉ុណ្ណោះ។ ចំណែកខាង Microsoft ក៏បានច្រានចោលការចោទប្រកាន់នេះដែរ ដោយហៅការគណនាទឹកប្រាក់សំណងរបស់ភាគីលោក Musk ថាជាការ «ប្រឌិតឡើង» និងគ្មានភស្តុតាងច្បាស់លាស់។
គូសបញ្ជាក់ថា រឿងក្តីដ៏ចម្រូងចម្រាសដែលមានទឹកប្រាក់រាប់រយពាន់លានដុល្លារនេះ នឹងត្រូវដោះស្រាយនៅចំពោះមុខតុលាការក្នុង ខែមេសា ខាងមុខ។ មហាជនទូទាំងពិភពលោកកំពុងតាមដានមើលថា តើមហាសេដ្ឋីលំដាប់ពិភពលោករូបនេះ នឹងអាចឈ្នះក្តីយកលុយរាប់ពាន់លានពីអតីតដៃគូរបស់ខ្លួនបានដែរឬទេ?៕











