វិសាខា ចាប់ដៃជាមួយសមាគមមូលនិធិគ្រួសារខ្មែរ ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ជាតិ

19-01-2026 16:22

(ភ្នំពេញ)៖ ក្លឹបកីឡាបាល់ទាត់ វិសាខា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមមូលនិធិគ្រួសារខ្មែរ លើកិច្ចសហប្រតិបត្តិការរយៈពេល ១ឆ្នាំ ក្នុងការរួមចំណែកគាំទ្រការអភិវឌ្ឍក្លឹប ក៏ដូចជាវិស័យកីឡាបាល់ទាត់នៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាគ្រប់គ្រងក្លឹបបាល់ទាត់ វិសាខា និងលោក ចាង ឌី នាយកគ្រប់គ្រងទូទៅសមាគមមូលនិធិគ្រួសារខ្មែរ ដោយមានការចូលរួមជាសក្ខីភាពពីលោក សូរ មុនីរតន៍ អនុប្រធានក្លឹប ព្រមទាំងក្រុមការងារគ្រូ កីឡាករ និងតំណាងសមាគមជាច្រើននាក់ផងដែរ។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាខាងលើ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយក្លឹបរំពឹងថា ការសហការនេះនឹងផ្តល់ផលវិជ្ជមានសម្រាប់ការរួមចំណែកឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍក្លឹប និងវិស័យបាល់ទាត់ជាតិ។

ជាមួយគ្នាលោក ចាង ឌី ក៏បានបង្ហាញនូវមោទនភាព ដែលបានក្លាយជាដៃគូអភិវឌ្ឍថ្មីរបស់វិសាខា ក្នុងនាមក្លឹបដ៏មានសក្ដានុពល និងមានចក្ខុវិស័យវែងឆ្ងាយ។ ផ្អែកលើកត្ដាទាំងអស់នេះ សមាគមពិតជារីករាយក្នុងការចូលរួមចំណែកជាមួយក្លឹប ដើម្បីលើកកម្ពស់សុខភាព និងការអប់រំ តាមរយៈកីឡាបាល់ទាត់ ហើយពង្រឹងបាននូវធនធានកីឡាករ-កីឡាការិនី ឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

គួរដឹងថា វិសាខា គឺជាក្លឹបកម្រិតអាជីពក្នុងស្រុកមួយ ដែលផ្តោតសំខាន់លើការធ្វើទំនើបកម្មនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ស្របទៅតាមស្តង់ដារបាល់ទាត់សម័យថ្មី។ មិនតែប៉ុណ្ណោះ ក្លឹបក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការរួមចំណែកកសាងសមត្ថភាពធនធានកីឡាករ-កីឡាការិនី ចាប់ពីថ្នាលយុវជនរហូតដល់ក្រុមធំ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស ជាមួយក្លឹប និងក្រុមជម្រើសជាតិកម្ពុជាផងដែរ។

ឆ្លើយតបនឹងការអភិវឌ្ឍ ដែលមិនអាចកាត់ផ្ដាច់បានពីការរួមចំណែករបស់វិស័យឯកជន តាមរយៈកិច្ចសហការជាមួយសមាគមមូលនិធិគ្រួសារខ្មែរនាពេលនេះ ក្លឹបរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយទៀត ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍក្លឹបឲ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្ដរភាពទៅថ្ងៃអនាគត៕