ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ BAT នឹងបិទរោងចក្រផលិតបារីនៅអាហ្វ្រិកខាងត្បូង ដោយសារតែកំណើនបារីខុសច្បាប់

20-01-2026 09:25

(អាហ្វ្រិកខាងត្បូង)៖ ក្រុមហ៊ុន British American Tobacco (BAT) នៅអាហ្វ្រិកខាងត្បូង បានប្រកាសថា ខ្លួននឹងបញ្ឈប់ការផលិតបារីក្នុងស្រុក ដោយមូលហេតុការជួញដូរ និងការធ្វើពាណិជ្ជកម្មបារីខុសច្បាប់មានកំណើនឥតឈប់ឈរ បណ្តាលឱ្យបរិមាណលក់បារីស្របច្បាប់ដែលខ្លួនផលិតមានការធ្លាក់ចុះខ្លាំង និងធ្វើឱ្យប្រតិបត្តិការអាជីវកម្មប្រឈមនឹងការខាតបង់។

ដោយត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិត និងលក់បារីម៉ាក Dunhill និង Pall Mall ក្រុមហ៊ុន BATនឹងបិទតែរោងចក្ររបស់ខ្លួនប៉ុណ្ណោះក្នុងប្រទេសនេះនៅត្រឹមចុងឆ្នាំ ហើយក្រុមហ៊ុននឹងងាកមកពឹងផ្អែកលើការនាំចូលបារីជំនួសវិញ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Gauteng ដោយបានដំណើរការតាំងពីឆ្នាំ១៩៧៥ និងមានបុគ្គលិកបម្រើការប្រហែល ២៣០នាក់។

លោក Johnny Moloto ប្រធានផ្នែកកិច្ចការច្បាប់ (Regulatory Affairs) នៃក្រុមហ៊ុន BAT ប្រចាំអនុតំបន់សាហារ៉ាអាហ្វ្រិក បានលើកឡើងថា ដោយសារបច្ចុប្បន្ននេះប្រហែល ៧៥% នៃបារីដែលកំពុងមានលក់នៅលើទីផ្សារអាហ្វ្រិកខាងត្បូង ត្រូវបានគេប៉ាន់ប្រមាណថាជាបារីខុសច្បាប់ ដូចនេះការផលិតបារីក្នងស្រុករបស់ក្រុមហ៊ុនដែលកំពុងតែដំណើរការ បានប្រឈមនឹងការខាតបង់។

ក្រុមហ៊ុន BAT អាហ្វ្រិកខាងត្បូង បានបញ្ជាក់បន្ថែមផងដែរថា កំណើនបារីខុសច្បាប់ បានបណ្តាលឱ្យការផលិតបារីនៅរោងចក្ររបស់ខ្លួនធ្លាក់ចុះយ៉ាងគំហុក ដោយបច្ចុប្បន្នរោងចក្រដំណើរការផលិតបានត្រឹមតែលើចំណែក ៣៥% នៃថ្នាំជក់ស្របច្បាប់ សម្រាប់សមត្ថភាពផលិតសរុបរបស់ខ្លួនប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតថ្នាំជក់អន្តរជាតិធំៗ កំពុងបង្កើនសកម្មភាពប្រឆាំងនឹងការជួញដូរ និងការធ្វើពាណិជ្ជកម្មបារីខុសច្បាប់ ដែលកំពុងតែមានកំណើនឥតឈប់ឈរ ហើយគេអះអាងថាវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលប៉ះពាល់យ៉ាងខ្លាំងផងដែរទៅលើចំណូលរបស់រដ្ឋ និងផលប្រយោជន៍ជាច្រើនទៀតដែលប្រជាជនអាចទទួលបានទៅលើការវិនិយោគ៕

យោងទៅតាមគេហទំព័រ Bloomberg៖ https://www.bloomberg.com/news/articles/2026-01-15/bat-to-end-south-africa-cigarette-production-on-illicit-trade