Man City ទិញបានប្រធានក្រុម Crystal គឺខ្សែការពារ Guehi ក្នុងតម្លៃតែ ២០លានផោនប៉ុណ្ណោះ

20-01-2026 09:57

(បរទេស)៖ ក្រុមមេឃខៀវ Manchester City បានបំពេញការផ្ទេរជាផ្លូវការជាមួយកីឡាករ Marc Guehi ដែលជាប្រធានក្រុម Crystal Palace ក្នុងតម្លៃត្រឹមតែ ២០លានផោនប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កន្លងមកខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានក្លឹបធំៗនៅអឺរ៉ុបជាច្រើនទាក់ទង និងស្ទើរតែផ្ទេរទៅក្លឹបរួមលីគ ហង្សក្រហម Liverpool បាត់ទៅហើយរដូវក្តៅមុន មុនពេលកិច្ចសន្យាចាស់របស់គេនឹងអស់សុពលភាពជាមួយ Crystal នារដូវកាលនេះ។

ការផ្ទេរនេះដែរ ត្រូវបាននាយកកីឡារបស់ City គឺលោក Hugo Viana ចាត់ទុកថា «Marc Guehi គឺជាកីឡាករមួយរូប ដែលពោរពេញដោយទេពកោសល្យ ដែលនឹងអាចជួយជ្រោមជ្រែងមេឃខៀវបាន»

មែនទែនទៅ Guehi វ័យ ២៥ឆ្នាំបានមកពិនិត្យសុខភាពនៅ Man City កាលពីថ្ងៃអាទិត្យ និងក្រោយមកបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួននៅកីឡដ្ឋាន Etihad ដោយបានចុះកិច្ចសន្យាជាមួយក្រុមរបស់លោក Pep Guardiola រយៈពេល ៥ឆ្នាំកន្លះទៀតផង។

រូបគេបានក្លាយជាសមាជិកថ្មីទី២ ដែលបានមកចូលរួមជាមួយ City នៃរដូវកាលដោះដូរកីឡាករប្រចាំខែមករា ឆ្នាំ២០២៦ ក្រោយការមកដល់របស់ Antoine Semenyo ពីក្លឹប AFC Bournemouth ក្នុងតម្លៃប្រមាណ ៦២.៥លានផោនកាលពីថ្ងៃទី០៩ ខែមករា៕