ម៉ារ៉ុក ស្ថិតលើជំហររឹងមាំជាមួយសមត្ថភាពរៀបចំ World Cup ក្រោយជោគជ័យ Africa Cup of Nations
20-01-2026 10:01
(បរទេស)៖ ការរៀបចំព្រឹត្តិការណ៍ Africa Cup of Nations 2025 ដោយជោគជ័យរបស់ប្រទេសម៉ារ៉ុក ពេលបានបង្ហាញថា មិនគួរមានការសង្ស័យអំពីសមត្ថភាពក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ជាមួយព័រទុយហ្គាល់ និងអេស្ប៉ាញនៅឆ្នាំ២០៣០ នោះទេ ។
ម៉ារ៉ុក បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់ក្រុមសេណេហ្គាល់ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Africa Cup of Nations 2025 ក្នុងពហុកីឡដ្ឋានដែលបានដាក់ត្រៀមទទួលការប្រកួត World Cup 2030 ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធល្អ ជាមួយចំនួនទេសចរណ៍ដែលបានបង្កើតឡើងយ៉ាងច្រើន ។
សមត្ថភាពនេះបានធានាថា ការប្រកួត Africa Cup of Nations 2025 ដែលមានក្រុមចំនួន២៤ បានដំណើរការដោយគ្មានបញ្ហាធំដុំណាមួយកើតឡើយ ហើយនឹងមិនធ្វើឱ្យមានការសង្ស័យណាមួយអំពីសមត្ថភាពរៀបចំ World Cup ដែលនឹងឈានចូលមកនៅ ៤ឆ្នាំខាងមុខទៀត។
ជាមួយគ្នានោះ ម៉ារ៉ុក ក៏នឹងបន្តសកម្មភាពតាមផ្លូវច្បាប់លើលទ្ធផលនៃការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations ជាកន្លែងមានភាពចម្រូងចម្រាសរវាងក្រុម និងអ្នកគាំទ្រសេណេហ្គាល់ ដើម្បីតវ៉ាចំពោះការពិន័យដែលបានផ្តល់ឲ្យពួកគេ ។
បញ្ជាក់ផងថា ម៉ារ៉ុក ត្រូវបានចាញ់ ១-០ បន្ទាប់ពីការលេងម៉ោងបន្ថែម ទល់ក្រុមសេណេហ្គាល់ ក្នុងការប្រកួតកាត់សេចក្តី ហើយក្រុមម៉ារ៉ុក នៅតែមិនអាចយកបានពាននេះជាលើកទី២ ក្រោយពីយកបាន ១លើកកាលឆ្នាំ១៩៧៦ និងរងជើងឆ្នាំ២០០៤ និងរដូវកាល២០២៥ ។
ការត្រៀម World Cup 2030 ប្រទេសម៉ារ៉ុក មានគម្រោងប្រើប្រាស់ទីលានចំនួន៦ ហើយក្នុងចំណោមទីលាន៥ ដែលត្រៀនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ពានរង្វាន់ Cup of Nations 2025 រួចហើយដោយបានផ្តល់នូវសមត្ថភាពលំដាប់ពិភពលោកផងដែរ ។
ជាមួយគ្នានោះ កីឡដ្ឋាន Grande Stade ក្នុងទីក្រុង Tangier ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន ៧៥,០០០នាក់ គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងជើងប្រទេស ដែលអាចប្រើពេលតិចជាង ១ម៉ោងលើការធ្វើដំណើរឆ្លងទឹកដោយជិះសាឡាងពីប្រទេសអេស្ប៉ាញ បានយ៉ាងងាយស្រួល ។
ក្នុងនោះរបាយការណ៍សរុបបានបង្ហាញថា ប្រទេសម៉ារ៉ុក នឹងចំណាយប្រាក់ចំនួន ១,៤ ពាន់លានដុល្លារលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុកីឡដ្ឋានទាំង ៦ ហើយក៏មានគម្រោងវិនិយោគយ៉ាងច្រើនបន្ថែមទៀត លើអាកាសយានដ្ឋានផងដែរ ដោយមានទីក្រុងប្រហែល១០ កំពុងដំណើរការតំណភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ទៅកាន់អឺរ៉ុបរួចហើយ និងក្រុមហ៊ុនអាកាសចរណ៍ដែលមានទុនថវិកាទាបជាច្រើនបានផ្តល់ជូនជើងហោះហើរ ។
សូមជម្រាបផងថា ការប្រកួតបាល់ទាត់ពិភពលោក World Cup 2030 គឺមានការសហម្ចាស់ផ្ទះរួមគ្នារវាងក្រុមម៉ារ៉ុក អេស្ប៉ាញ និងព័រទុយហ្គាល់ ជាមួយការរៀបចំលេងជាលើកដំបូងដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ។
ហើយក្នុងនោះក៏មានការរៀបចំការប្រកួតពិសេសមួយនៅ Estadio Centenario ក្នុងទីក្រុង Montevideo របស់ប្រទេសអ៊ុយរូហ្គាយ ដែលជាកីឡដ្ឋានម្ចាស់ផ្ទះនៃវគ្គផ្តាច់ព្រ័ត្រដំបូងកាលឆ្នាំ១៩៣០ ក៏ដូចជាការប្រកួតមួយប្រកួតទៀតនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន និងទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ ដើម្បីជាកិត្តិយសនឹងជាចងចាំនៃខួបលើកទី១០០ នៃព្រឹត្តិការណ៍ FIFA World Cup លើកដំបូងក្នុងឆ្នាំ១៩៣០ ៕









