Sathapana Mobile ត្រូវបានទទួលស្គាល់ជាកម្មវិធីធនាគារចល័ត ដែលមានភាពច្នៃប្រឌិត ពីស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ

20-01-2026 10:50

(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា មានមោទនភាពយ៉ាងក្រៃលែងដែល Sathapana Mobile ត្រូវបានប្រសិទ្ធនាមជា «កម្មវិធីធនាគារចល័ត ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជាឆ្នាំ 2025» ពីស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ។ ការទទួលបានពានរង្វាន់លើភាពច្នៃប្រឌិ តរយៈពេលបីឆ្នាំជាប់ៗគ្នានេះ បានបញ្ជាក់ពីភាពរឹងមាំលើធនាគារឌីជីថល នៅលើទីផ្សារ។

នៅឆ្នាំ 2025 Sathapana Mobile ត្រូវបានរចនារូបរាងថ្មី ហើយក៏ទទួលបានការគាំទ្រពីអតិថិជន ធ្វើឱ្យចំនួនអ្នក ប្រើប្រាស់កើនឡើងដល់ 16%។ សមិទ្ធផលនេះអាចទទួលបានដោយ មានការដាក់បញ្ចូលនូវមុខងារថ្មីៗ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។ Sathapana Mobile ជំនាន់ថ្មីនេះ ត្រូវបានបង្កើតឡើងដោយផ្តោតលើចំនុចសំខាន់បីធំៗ គឺផ្តល់ភាពងាយស្រួល សុវត្ថិភាព និងតាមតម្រូវការអ្នកប្រើប្រាស់។ ផ្ទាំងវិចិត្ររបស់កម្មវិធី Sathapana Mobile មានលក្ខណៈទំនើប សាមញ្ញ អាចកែប្រែឲ្យត្រូវនឹងលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាពិសេសដំណើរការកាន់តែលឿនជាងមុន។

សូមគូសបញ្ជាក់ផងដែរថា ការការពារឯកជនភាពទិន្នន័យ គឺជាអាទិភាពចម្បងរបស់ធនាគារ ស្ថាបនា។ យើងបានបំពាក់នូវមុខងារ សោមុខ សុវត្ថិភាព (FacePass Secure) ដែល យកមុខផ្ទាល់របស់អ្នកប្រើប្រាស់ជាប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាព ស្រទាប់ទីពីរ និងការផ្ទុកទិន្នន័យ encrypted data ដើម្បីការពារព័ត៌មានអតិថិជននៅគ្រប់ជំហានប្រើប្រាស់ទាំងអស់ ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូនអតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។

អមជាមួយនឹងការរចនាដែលមានភាពសាមញ្ញ និងរស់រវើក Sathapana Mobile ផ្តល់នូវប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងលឿនរហ័ស និងងាយស្រួល ជាពិសេសអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតគណនីសន្សំឆ្លាតវៃ ឬ ស្នើកម្ចី និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ បានភ្លាមៗ ដែលកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាចទទួលបានប្រាក់សម្រាប់ប្រើប្រាស់ពេលមានតម្រូវការបន្ទាន់ណាមួយ។

សាជីវកម្មអ្នកប្រើប្រាស់ទូទៅ និងភ្នាក់ងាររដ្ឋាភិបាលជាច្រើនបានប្រើប្រាស់ Sathapana Mobile ដើម្បីគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេរួមមានសម្រាប់ទទួលប្រាក់បៀវត្ស សម្រាប់ទូទាត់ថ្លៃពន្ធជូនរដ្ឋ និងទូទាត់ថ្លៃវិក្កយបត្រផ្សេងៗទៀត។ ការទទួលខុសត្រូវដ៏សំខាន់នេះ បង្ហាញពីទំនុកចិត្តរបស់សាធារណជន ចំពោះប្រតិបត្តិការធនាគារ បែបឌីជីថលរបស់ ស្ថាបនា។

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ពានរង្វាន់នេះពិតជាមានអត្ថន័យ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការប្រើបច្ចេកវិទ្យាដើម្បីបង្កើនការរួមបញ្ចូលបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។ យើងជឿជាក់ថា សេវាហិរញ្ញវត្ថុបែបឌីជីថល គឺជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ ពានរង្វាន់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ចំពោះឧត្តមភាព និងនវានុវត្តន៍ភាព ក្នុងវិស័យធនាគារ»

លោកក៏បានបន្តថា «ភាពជោគជ័យរបស់យើងគឺជាសក្ខីភាពមួយចំពោះទំនុកចិត្តរបស់អតិថិជន និងការ ខិតខំ ប្រឹង ប្រែងរបស់ ក្រុមការងារ ស្ថាបនាទាំងអស់។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងទាំងអស់គ្នាមិនត្រឹមតែបង្កើតនូវកម្មវិធីធនាគារចល័តតែប៉ុណ្ណោះទេ គឺយើងកំពុងតែជំរុញអនាគតសេដ្ឋកិច្ចដ៏ត្រចះត្រចង់ សម្រាប់សហគមន៍ទាំងមូល។» ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ គឺជាទស្សនាវដ្តីអាជីវកម្ម និងហិរញ្ញវត្ថុឈានមុខមួយដែលបោះពុម្ពដោយ International Finance Publications Limited របស់ចក្រភពអង់គ្លេស។

ពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិទទួលស្គាល់ភាពល្អឥតខ្ចោះ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុទូទាំងពិភពលោក។ ពានរង្វាន់នេះមិនត្រឹមតែបញ្ជាក់អំពីសមត្ថភាពដ៏រឹងមាំរបស់ធនាគារ ស្ថាបនា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការពេញចិត្ត របស់អតិថិជនមកកាន់ធនាគារ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាផងដែរ៕