FIFA ធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ពិភពលោក ស្របពេលអេស្ប៉ាញ បន្តឈរលេខ១

20-01-2026 11:04

(បរទេស)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានធ្វើបច្ចុប្បន្នភាពពីចំណាត់ថ្នាក់ពិភពលោក World Ranking សម្រាប់ក្រុមជម្រើសជាតិផ្នែកបុរស ជាលើកដំបូងដើមឆ្នាំ២០២៦។

បើយោងតាមការចេញផ្សាយនៅលើគេហទំព័រ FIFA ផ្ទាល់តែម្តងបានបង្ហាញថា ក្រុមគោជល់អេស្ប៉ាញបន្តឈរលេខ១ ដដែល ក្នុងនាមជាជើងឯកអឺរ៉ុប UEFA Euro 2024 តាមពីក្រោយដោយម្ចាស់ជើងឯក World Cup ជំនាន់ទី២២ ឆ្នាំ២០២២ អាហ្សង់ទីន។

បើគិតត្រឹមចំណាត់ថ្នាក់កំពូលតារាងទាំង១០ (Top-10) ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឃើញថា មានក្រុមមកពី ៣តំបន់ឈរលើគេ ក្នុងចំណោមសមាជិកសរុប ២១០ប្រទេសដែលជាសមាជិករបស់ FIFA។ ក្រុមទាំងនោះរួមមាន អេស្ប៉ាញ បារាំង អង់គ្លេស ព័រទុយហ្គាល់ ហូឡង់ ប៊ែលហ្សិក និងអាល្លឺម៉ង់ ស្ថិតនៅទ្វីបអឺរ៉ុប គ្រាដែលម៉ារ៉ុក ឈរលេខ៨ មកពីអាហ្រ្វិក ហើយអាហ្សង់ទីន និងប្រេស៊ីល មកពីតំបន់អាមេរិកខាងត្បូង។

ទន្ទឹមគ្នានោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានស្ថិតនៅលេខរៀងទី១៧៩ ពីលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយគ្នា។

FIFA នឹងបន្តធ្វើបច្ចុប្បន្នភាព (update) ជាថ្មីទៀតនៅក្នុងរយៈពេល ៧១ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦៕