OpenAI កើនចំណូលមហាសាលលើស ២០ពាន់លានដុល្លារ ខណៈត្រៀមចេញ «ឧបករណ៍ AI» ដំបូងបង្អស់នៅឆ្នាំក្រោយ
20-01-2026 13:55
(បរទេស)៖ ក្នុងឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន OpenAI បានកត់ត្រានូវជោគជ័យផ្នែកហិរញ្ញវត្ថុយ៉ាងសម្បើម ដោយចំណូលប្រចាំឆ្នាំបានហក់ឡើងលើស ២០ ពាន់លានដុល្លារ ពោលគឺកើនឡើងជាង ៣ ដងធៀបនឹងឆ្នាំមុន (៦ ពាន់លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
អ្នកស្រី Sarah Friar នាយកផ្នែកហិរញ្ញវត្ថុរបស់ OpenAI បានបញ្ជាក់ថា កំណើនដ៏លឿននេះ កើតឡើងស្របពេលដែលក្រុមហ៊ុនបានពង្រីកសមត្ថភាពប្រព័ន្ធកុំព្យូទ័រ និងចំនួនអ្នកប្រើប្រាស់ ChatGPT ដែលបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ដើម្បីស្វែងរកថវិកាមកបន្តអភិវឌ្ឍបច្ចេកវិទ្យាដែលមានតម្លៃថ្លៃ OpenAI ក៏បានចាប់ផ្ដើមដាក់ការ ផ្សព្វផ្សាយពាណិជ្ជកម្ម ខ្លះៗនៅក្នុង ChatGPT សម្រាប់អ្នកប្រើប្រាស់នៅអាមេរិកផងដែរ។
រឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ OpenAI កំពុងត្រៀមឈានជើងចូលក្នុងទីផ្សារ «ឧបករណ៍បច្ចេកវិទ្យា Hardware»។ លោក Chris Lehane ប្រធានផ្នែកគោលនយោបាយរបស់ក្រុមហ៊ុន បានបង្ហើបប្រាប់សារព័ត៌មាន Axios ថា ក្រុមហ៊ុនកំពុងស្ថិតលើផ្លូវក្នុងការ «បង្ហាញឧបករណ៍ដំបូងបង្អស់របស់ខ្លួន នៅពាក់កណ្តាលឆ្នាំ ២០២៦ ខាងមុខ»។ នេះគឺជាជំហានថ្មីស្រឡាងមួយដែលគេរំពឹងថា នឹងយកបច្ចេកវិទ្យា AI មកដាក់ក្នុងឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនតែម្តង។
សម្រាប់ទិសដៅអនាគត OpenAI នឹងលែងផ្តោតត្រឹមតែការឆ្លើយឆ្លងធម្មតាទៀតហើយ ប៉ុន្តែនឹងវិវត្តទៅរក «ភ្នាក់ងារ AI (Agents)» ដែលអាចធ្វើការងារជំនួសមនុស្សដោយស្វ័យប្រវត្តិ និងចេះប្រើប្រាស់កម្មវិធីផ្សេងៗបានយ៉ាងស្ទាត់ជំនាញ។ អ្នកស្រី Friar បានបញ្ជាក់ថា គោលដៅឆ្នាំ ២០២៦ គឺការនាំយក AI ទៅប្រើប្រាស់ក្នុងជីវិតជាក់ស្តែងឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងវិស័យ សុខាភិបាល និងវិទ្យាសាស្ត្រ៕






