ABA និង NOCC ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីគាំទ្រអត្តពលិកកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨
20-01-2026 15:22
(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីបង្កើតកិច្ចសហការជាដៃគូយូរអង្វែង សំដៅជំរុញសមត្ថភាពអត្តពលិកកម្ពុជា និងលើកកម្ពស់វិស័យកីឡាជាតិ។
ក្រោមភាពជាដៃគូយុទ្ធសាស្រ្តនេះ ABA នឹងគាំទ្រដល់យុទ្ធនាការរៃអង្គាស និងស្វែងរកការឧបត្ថម្ភសម្រាប់អត្តពលិកកម្ពុជា ត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ Los Angeles ឆ្នាំ២០២៨ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងបង្កើតមធ្យោបាយដ៏សុវត្ថិភាព និងជាទីទុកចិត្ត ដែលសាធារណជនអាចបរិច្ចាគ និងផ្ដល់ការឧបត្ថម្ភជាទឹកប្រាក់នានា ដើម្បីគាំទ្រដំណើររបស់អត្តពលិកយើង ក្នុងការត្រៀមខ្លួន និងរៀបចំចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក។
តាមរយៈភាពជាដៃគូនេះ ABA នឹងក្លាយជាធនាគារផ្តាច់មុខ សម្រាប់យុទ្ធនាការរៃអង្គាសនេះ ដោយផ្តល់នូវមធ្យោបាយសុវត្ថិភាព និងងាយស្រួលសម្រាប់ទទួលការទូទាត់ និងការបរិច្ចាគនានា ពីបងប្អូនសាធារណជន។ ភាគីទាំងពីរនឹងផ្សព្វផ្សាយអំពីយុទ្ធនាការនេះ នៅតាមផ្លែតហ្វមឌីជីថលផ្សេងៗរបស់ខ្លួន ដើម្បីបញ្ជ្រាបការយល់ដឹង លើកទឹកចិត្តឲ្យមានការចូលរួម និងបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទូទាំងប្រទេស។
ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក គឺលើសពីការប្រកួតប្រជែង ការណ៍នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំ វឌ្ឍនភាព និងវត្តមានកាន់តែកើនឡើង របស់កម្ពុជានៅលើវេទិកា កីឡាអន្តរជាតិ។ កីឡាអូឡាំពិកនៅ Los Angeles ឆ្នាំ២០២៨ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងដំណើរវឌ្ឍនភាពនេះ ដែលទាមទារឲ្យមានការត្រៀមខ្លួនទុកជាមុន ស្ថិរភាពមូលនិធិ និងការឧបត្ថម្ភគាំទ្រនានា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដែលមានការចូលរួមដោយលោក Zhiger Atchabarov នាយករងប្រតិបត្តិ និងជានាយកប្រតិបត្តិការនៃធនាគារ ABA និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។
លោក Zhiger Atchabarov បានថ្លែងចំពោះភាពជាដៃគូនេះថា «កិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ ABA ក្នុងការគាំទ្រវិស័យកីឡាជាតិ ដែលស្របទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្កម របស់ធនាគារយើងខ្ញុំ។ ផ្ដើមពីសមិទ្ធផលជោគជ័យនៃការចូលរួមរបស់យើង ក្នុងនាមជាអ្នកឧបត្ថម្ភ ផ្ដាច់មុខសម្រាប់វិស័យធនាគារ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ យើងខ្ញុំមានមោទនភាព ក្នុងការបន្ដជ្រោមជ្រែង និងផ្ដល់ការគាំទ្រចាំបាច់នានាដល់អត្តពលិកខ្មែរយើង ខណៈពួកគាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៨»។
លោកបានបន្ថែមថា «យើងខ្ញុំសូមកោតស្ញប់ស្ញែងដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ អត្តពលិកយើង និងសូមជូនពរដល់អត្តពលិកគ្រប់រូប ឲ្យមានកម្លាំងមាំមួន ឆន្ទៈតស៊ូ ជាមួយនឹងស្មារតីកីឡាខ្ពស់បំផុត ខណៈពួកគាត់តំណាងកម្ពុជានៅលើឆាកអន្តរជាតិ»។
លោក វ៉ាត់ ចំរើន ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកិច្ចសហការនេះ និងថ្លែងថា «ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់អត្តពលិកកម្ពុជា ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយការគាំទ្រនៃយុទ្ធនាការរៃអង្គាស និងកិច្ចសហការជាដៃគូជាមួយធនាគារ ABA យើងខ្ញុំអាចត្រៀមលក្ខណៈបានពេញលេញដើម្បីឲ្យអត្តពលិកយើង ចូលរួមប្រកួតដោយទំនុកចិត្ត ពេញដោយមោទនភាព ព្រមទាំងបន្តមហិច្ឆតារួមក្នុងការបណ្តុះកូនខ្មែរ ឲ្យក្លាយជាជើងឯក អូឡាំពិកដំបូងគេបង្អស់»។
តាមរយៈភាពជាដៃគូនេះ ធនាគារ ABA និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរចំពោះតម្លាភាព ឧត្តមភាព និងមោទនភាពជាតិ ដោយធានាថា អត្តពលិកកម្ពុជា មានធនធាន និងការគាំទ្រគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់សម្រេចបាននូវសក្តានុពលពេញលេញ៕







