ការវាយតម្លៃសហព័ន្ធជាតិ ដើម្បីទទួលបានកញ្ចប់ថវិកាគាំទ្រពីរដ្ឋ ឈានដល់ដំណាក់កាលចុងក្រោយ
20-01-2026 15:43
(ភ្នំពេញ)៖ ក្រោយមានកិច្ចប្រជុំផ្សព្វផ្សាយ ក៏ដូចជាណែនាំអំពីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការវាយតម្លៃសហព័ន្ធជាតិ ដើម្បីទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋ សម្រាប់ធ្វើការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺបានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយក្រសួងនឹងធ្វើការអនុវត្តនូវយន្ដការដ៏តឹងរឹង និងច្បាស់លាស់ ក្នុងការផ្ដល់ពិន្ទុតាមសហព័ន្ធជាតិនីមួយៗ ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់កញ្ចប់ថវិកាជាតិ។
នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការអនុវត្តនិយាមវាយតម្លៃសហព័ន្ធកីឡាជាតិ ក្រោយដឹកនាំកិច្ចប្រជុំ ស្តីពីនិតិវិធីការវាយតម្លៃសហព័ន្ធកីឡាជាតិ ដើម្បីត្រៀមផ្តល់កញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួង យកទៅអនុវត្តកិច្ចការងារដំណើរការអភិវឌ្ឍ ក្នុងសហព័ន្ធកីឡាជាតិ សម្រាប់ទិសដៅឆ្នាំ២០២៦ នាថ្ងៃទី២០ ខែមករា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានការចូលរួមពីអង្គភាពជំនាញ និងភាគីពាក់ព័ន្ធជាច្រើន។
លោកថា នេះគឺជារបត់ថ្មី សម្រាប់ការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំកាយ និងកីឡា ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ សម្រាប់សហព័ន្ធកីឡាជាតិ ដែលត្រូវឆ្លងកាត់ការវាយតម្លៃត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការចូលរួមពីមន្ដ្រី និងអង្គភាពជំនាញពាក់ព័ន្ធ ដោយផ្អែកលើគោលការណ៍ ៣សំខាន់រួមមាន៖ ១-ការពិនិត្យលើសមិទ្ធផលបច្ចេកទេស ២-ការពិនិត្យលើអភិបាលកិច្ច នៃការដឹកនាំគ្រប់គ្រង និង ៣-ការវាយតម្លៃលើប្រជាប្រិយភាព នៃការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រភេទកីឡានីមួយៗ។
ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេច និងគាំទ្រនូវការវាតម្លៃនិយាមសហព័ន្ធកីឡាជាតិ ដែលថ្នាក់ដឹកនាំគណៈកម្មការជំនាញ នឹងធ្វើការពិនិត្យបន្ថែម សម្រាប់ដាក់ជូនថ្នាក់ដឹកនាំធ្វើការពិនិត្យ ហើយគ្រោងនឹងចេញជាលទ្ធផលការវាយតម្លៃក្នុងពេលឆាប់ៗ ពោលគឺត្រូវរួចរាល់មុនខែមីនា ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ផ្នែកហិរញ្ញវត្ថុ ដែលត្រូវការការវាយតម្លៃឲ្យបានច្បាស់លាស់ សម្រាប់កំណត់នូវស្ដង់ដារទម្លាក់ថវិកាដល់សហព័ន្ធកីឡាជាតិ ធ្វើការអភិវឌ្ឍរៀងៗខ្លួន។
គួរដឹងថា សហព័ន្ធកីឡាជាតិទាំងអស់ ទាំងសហព័ន្ធកីឡា ធ្លាប់ទទួលបានការឧបត្ថម្ភគាំទ្រ និងពុំទាន់ទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋ សុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃជារួម ដើម្បីឈានទៅរកការឧបត្ថម្ភជាក់ស្ដែង ទៅតាមសកម្មភាព និងសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សហព័ន្ធនីមួយៗ។ ដូច្នេះលទ្ធផលនៃការវាយតម្លៃ នឹងត្រូវបានកំណត់ តើសហព័ន្ធនីមួយៗ នឹងទទួលបានថវិកាកម្រិតណា ពីកម្រិតខ្ពស់ មធ្យម ឬទាប? ហើយការវាយតម្លៃនេះ នឹងត្រូវអនុវត្តជារៀងរាល់ឆ្នាំ៕







