យល់ដឹងកីឡា៖ អ្វីទៅជាសហព័ន្ធ FIFA? ហេតុអ្វីត្រូវបង្កើតឡើង, ដោយនរណា និងមានតួនាទីអ្វីខ្លះ?

21-01-2026 08:40

(បរទេស)៖ FIFA គឺជាសមាគមសហព័ន្ធបាល់ទាត់អន្តរជាតិ ដែលមានពាក្យពេញជាភាសាអង់គ្លេសថា Federation International de Football Association ដែលជាអ្នកគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍បាល់ទាត់ទាំងស្រុង មានទាំងលើឆ្នេរខ្សាច់ និងបាល់ទាត់ក្នុងសាលទៀតផង។

ការបង្កើត FIFA

យោងតាមឯកសារដែលបានចេញផ្សាយដោយគេហទំព័រ total football analysis បានឱ្យដឹងថា ស្ថាប័នកំពូលក្នុងបាល់ទាត់មួយនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤ នៅឯទីក្រុងប៉ារីស ប្រទេសបារាំងដោយមាន ៧ប្រទេសនៅអឺរ៉ុបចូលរួមបង្កើតមានដូចជា បារាំង ដាណឺម៉ាក ប៊ែលហ្សិក ស៊ុយអែត អេស្ប៉ាញ ស្វីស និងហូឡង់។

បច្ចុប្បន្ន ទីស្នាក់ការកណ្តាលរបស់ FIFA ស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស ដោយមានលោក Gianni Infantino ជាប្រធាន ក្នុងអាណត្តិទី៣ របស់លោកគិតចាប់តាំងពីឆ្នាំ២០១៦ មក។

រំលងបានជាង ១ឆ្នាំ ពោលគឺនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩០៥ បណ្តាប្រទេសខាងលើបានជួបប្រជុំគ្នា ដើម្បីចងក្រងជាគោលការណ៍ ក៏ដូចជាច្បាប់ខ្លះៗរបស់ FIFA។ ពុំមានឯកសារណាមួយបញ្ជាក់ច្បាស់លាស់ ពីការពន្យារពេលរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup លើកដំបូងឆ្នាំ១៩៣០ ដែលមានប្រទេសអ៊ុយរូហ្គាយធ្វើម្ចាស់ផ្ទះមុនគេនោះទេ។

តួនាទី FIFA

- តាក់តែងច្បាប់ និងរៀបចំការប្រកួតលក្ខណៈអន្តរជាតិនានា
- ការបង្កើត និងលុបបំបាត់ការប្រកួតអន្តរជាតិ
- ផ្សព្វផ្សាយពីបាល់ទាត់
- ទទួលខុសត្រូវ និងដោះស្រាយរាល់វិវាទរវាងកីឡាករ អាជ្ញាកណ្តាល និងជម្រើសជាតិ
- រៀបចំអាជ្ញាកណ្តាល
- FIFA ណែនាំឱ្យប្រើកាតលឿង និងក្រហម ដើម្បីបង្កភាពងាយស្រួលដល់កីឡាករ និងអាជ្ញាកណ្តាល ក្នុងទសវត្សរ៍ឆ្នាំ១៩៧០៕