អ្នកវិភាគជឿជាក់ថា Apple នឹងបញ្ចេញ iPhone អេក្រង់បត់នៅឆ្នាំ២០២៦ ជាមួយតម្លៃខ្ពស់ដល់ ២,០០០ដុល្លារ

21-01-2026 09:49

(បរទេស)៖ បើទោះបីជាអ្នកមិនទាន់ត្រៀមខ្លួនខាងផ្លូវចិត្តក្នុងការប្រើប្រាស់ iPhone អេក្រង់បត់ពីក្រុមហ៊ុនយក្ស Apple ក៏ដោយ ក៏លោក Atif Malik អ្នកវិភាគមកពីធនាគារ Citi បានផ្តល់ដំបូន្មានថា ក្នុងនាមជាវិនិយោគិន អ្នកគួរតែចាប់ផ្តើមត្រៀមខ្លួនសម្រាប់ផលិតផលថ្មីនេះហើយ។

លោក Malik មើលឃើញថា ការផលិត iPhone អេក្រង់បត់នឹងមានសន្ទុះលឿន ចាប់ពីចុងឆ្នាំ២០២៦ នេះ រហូតដល់ឆ្នាំ២០២៧។ លោកបានរំពឹងថា ឧបករណ៍នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍សម្ពោធប្រចាំឆ្នាំរបស់ Apple នារដូវស្លឹកឈើជ្រុះ (ខែកញ្ញា) រួមជាមួយម៉ូដែល iPhone 18 Pro និង Pro Max។

យោងតាមកំណត់ត្រារបស់លោក Malik បានឱ្យដឹងថា វានឹងមានតម្លៃប្រហែល ២,០០០ ដុល្លារ (កម្រិត Premium) និងអាចលក់បានមានប្រហែល ៨ លានគ្រឿង (ឬ ៣% នៃការនាំចេញ iPhone សរុប) ខណៈដែលអាចនឹងកើនឡើងដល់ ២០ លានគ្រឿង នៅឆ្នាំ២០២៧។

អ្នកវិភាគរូបនេះនៅតែរក្សាអនុសាសន៍ឱ្យ «ទិញ (Buy)» ភាគហ៊ុន Apple (ដែលបច្ចុប្បន្នមានអ្នកវិភាគប្រហែល ៥០% នៅ Wall Street ផ្ដល់ចំណាត់ថ្នាក់ដូចគ្នា)។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ចុះតម្លៃគោលដៅ (Price Target) ពី ៣៣០ ដុល្លារ មកត្រឹម ៣១៥ ដុល្លារ វិញ ដោយសារក្ដីបារម្ភលើហានិភ័យនៃប្រាក់ចំណេញ ដែលបណ្ដាលមកពីការឡើងថ្លៃនៃបន្ទះឈីបអង្គចងចាំ (Memory chips)។

ភាគហ៊ុនរបស់ Apple ហាក់ដូចជាមិនសូវមានចលនា (Dead money) អស់រយៈពេលជាងមួយឆ្នាំមកហើយ ខណៈដែលវិនិយោគិនបានងាកទៅរកក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្ដោតលើ AI ខ្លាំងជាង នៅក្នុងចំណោមក្រុម «Magnificent Seven» ដូចជា Nvidia និង Microsoft ជាដើម។ បញ្ហានេះកាន់តែស្មុគស្មាញដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងរដ្ឋបាលលោក Trump និងទីផ្សារសំខាន់ៗរបស់ Apple នៅអឺរ៉ុប និងចិន។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ភាគហ៊ុនរបស់ Apple កើនឡើងត្រឹមតែ ១១% ប៉ុណ្ណោះ ខណៈដែលសន្ទស្សន៍ S&P 500 កើនឡើងដល់ ១៥%។ ឈានចូលមកដល់ដើមឆ្នាំ២០២៦ នេះ ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយតម្លៃភាគហ៊ុនបានធ្លាក់ចុះ ៦% ដែលធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនដែលមានដំណើរការអន់បំផុត (Worst-performing) ក្នុងចំណោមក្រុមក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងប្រាំពីរ (Magnificent Seven) ស្មើជាមួយក្រុមហ៊ុន Meta។

Apple ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយ Google ។ តាមរយៈកិច្ចព្រមព្រៀងនេះ បច្ចេកវិទ្យា Gemini AI និងប្រព័ន្ធ Cloud របស់ Google នឹងត្រូវយកមកប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពរបស់ Siri ជំនាន់ក្រោយ។ អ្នកជំនាញខ្លះយល់ថា នេះគឺជាការទទួលស្គាល់ថា Apple កំពុងដើរយឺតជាងគេក្នុងសមរភូមិ AI។ ប៉ុន្តែអ្នកវិភាគផ្សេងទៀតយល់ថា នេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា Apple បានឈានជើងចូលក្នុងហ្គេម AI នេះជាផ្លូវការហើយ។

iPhone អេក្រង់បត់ដែលជាពាក្យចចាមអារ៉ាមជាយូរមកហើយនោះ ត្រូវបានគេរំពឹងថានឹងក្លាយជាមូលហេតុចម្បងដែលជំរុញឱ្យអ្នកប្រើប្រាស់ដូរទូរស័ព្ទថ្មី។ យោងតាមទិន្នន័យពី Consumer Intelligence Research Partners (CIRP) បានបង្ហាញថា អ្នកទិញ iPhone ថ្មីនៅសហរដ្ឋអាមេរិកជាង ១ ភាគ ៣ បានកាន់ទូរស័ព្ទចាស់របស់ពួកគេរយៈពេល ៣ ឆ្នាំ ឬយូរជាងនេះ។ ចំនួនអ្នកប្រើប្រាស់ដែលកាន់ទូរស័ព្ទចាស់លើសពី ២ ឆ្នាំ បានកើនឡើងពី ៦៦% ក្នុងឆ្នាំ២០២៣ ដល់ ៧០% ក្នុងឆ្នាំ២០២៤។

លោក Wamsi Mohan អ្នកវិភាគមកពីធនាគារ Bank of America (BofA) បានបញ្ជាក់ថា៖ កត្តាជំរុញដែលនឹងមកដល់ រួមមានការសម្ពោធ iPhone អេក្រង់បត់នៅរដូវស្លឹកឈើជ្រុះ និងការដាក់ឱ្យប្រើប្រាស់ Siri កម្រិតខ្ពស់ដែលរួមបញ្ចូលជាមួយ Gemini AI ដែលទាំងអស់នេះនឹងជំរុញឱ្យមានការផ្លាស់ប្តូរទូរស័ព្ទថ្មីកាន់តែច្រើន៕