Arsenal និង Spurs សុទ្ធតែឈ្នះ ខណៈ Man City បានបរាជ័យក្រៅផ្ទះនៅពាន UCL ប្រកួតទី៧

21-01-2026 10:06

(បរទេស)៖ ក្រុមរបស់អង់គ្លេស Arsenal និង Tottenham Hotspur សុទ្ធតែយកបាន ៣ពិន្ទុដូចគ្នា ក្នុងប្រកួតទី៧ នៃពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26 អភ័ព្វតែក្រុមលេខ២ ក្នុងលីគ Manchester City ដោយបានចាញ់ម្ចាស់ផ្ទះ Bodoe/Glimt ៣-១។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា កាំភ្លើងធំ Arsenal នៅតែបន្តធ្វើបានល្អ តាមរយៈលេង ៧ប្រកួតឈ្នះទាំងអស់ មិនចាញ់ និងមិនស្មើឡើយ ក្នុងនាមក៏ជាក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ទៀតផង។

ពួកគេបានយកឈ្នះអតីតជើងឯករង UCL រដូវកាលមុន Inter Milan ដល់ប្រទេសអ៉ីតាលី ដោយលទ្ធផល ៣-១ ក្នុងកីឡដ្ឋាន San Siro នៅពេលខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus វ័យ ២៨ឆ្នាំបានសម្រក់ទឹកភ្នែកទៀតផង ក្រោយពេលស៊ុតបាន ២គ្រាប់ ក្នុងការរួមចំណែកជួយក្រុមរបស់លោក Mikel Arteta កក់កៅអីទៅវគ្គ ១៦ក្រុម។

នៅយប់មិញនេះដែរ Spurs ដែលជាជើងឯករង UCL កាលឆ្នាំ២០១៩ ក៏បានផ្តួលក្រុមភ្ញៀវមកពីអាល្លឺម៉ង់ Borussia Dortmund ដែលជាក្រុមរងជើងឯកកាលឆ្នាំ២០២៤ ដោយលទ្ធផល ២-០ ដែលជា ៣ពិន្ទុលើកទី៤ របស់ពួកគេ និងរកបាន ១៤ពិន្ទុបន្តឈរលេខ៤ ក្នុងតារាង ស្របពេល Man City ដែលជាជើងឯកកាលឆ្នាំ២០២៣ បានធ្លាក់ទៅលេខ៧ មាន ១៣ពិន្ទុ ក្រោយបរាជ័យជាលើកទី២ ផងដែរក្នុងចំណោម ៧ប្រកួត។

ខាងក្រោមនេះជាលទ្ធផល ៦ប្រកួតផ្សេងទៀត ក្នុងចំណោម ៩ប្រកួតសរុបយប់មិញក្នុងកម្មវិធី UCL 2025-26
Kairat 1-4 Club Brugge
Copenhagen 1-1 Napoli
Olympiacos 2-0 Leverkusen
Real Madrid 6-1 Monaco
Sporting CP 2-1 PSG
Villarreal 1-2 Ajax៕