ពានរង្វាន់ ៧មករា បង្ហាញពីការចងចាំថ្ងៃប្រវត្តិសាស្ដ្រ និងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវាយសីកម្ពុជាអភិវឌ្ឍន៍សមត្ថភាព

21-01-2026 10:26

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីពានរង្វាន់ ៧មករា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅខេត្តព្រះសីហនុ ខណៈប្រធានសហព័ន្ធលោក លី កុសល បានចាត់ទុកព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាការបង្ហាញនូវការចងចាំថ្ងៃប្រវត្តិសាស្ដ្រ នៃការរំដោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតទី២ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាវេទិកាផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីអភិវឌ្ឍន៍សមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

ថ្លែងក្នុងពិធីបិទការប្រកួតខាងលើ លោក លី កុសល បានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំពានរង្វាន់ ៧មករានេះ គឺដើម្បីរំលឹកដឹងគុណចំពោះថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលកាន់អំណាចដោយ ប៉ុល ពត និងផ្តល់នូវជីវិតទី២ ជូនប្រជាជនកម្ពុជា។ ក្រៅពីរំលឹក និងអបអរសាទរទិវាជ័យជម្នះ ៧មករា ការប្រកួតនេះ ក៏ជាវេទិការឹតចំណងមិត្តភាព សាមគ្គីភាព រវាងសមាគម/ក្លឹបរាជធានី-ខេត្ត និងកីឡាករ-កីឡាការិនី ដែលបានចូលរួមការប្រកួតផងដែរ។

អ្វីដែលពិសេស ការប្រកួតនេះ ក៏បានផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីម្នាក់ៗ ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក៏ដូចជាវាស់ស្ទង់បច្ចេកទេស ក្នុងន័យឆ្ពោះទៅរកការដុសខាត់សមត្ថភាពបានកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាពេលខាងមុខ។ ក្នុងនោះសហព័ន្ធ ក៏បានយកការប្រកួតប្រជែងនេះ ដើម្បីផ្ដល់ឱកាសដល់ថ្នាលវ័យក្មេង ដើម្បីបណ្ដុះពួកគេត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាទៀតផង។

បើយោងតាមរបាយការណ៍លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា ដែលត្រូវនឹងខួបលើកទី២៥ ឆ្នាំ២០២៦ នេះមានសមាគម/ក្លិបកីឡាវាយសីចូលរួមប្រកួតចំនួន ១២ សរុបប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនីចូលរួមចំនួន ១៩៥នាក់ ដែលធ្វើការប្រកួតវិញ្ញាសាចំនួន ១០។ ជាលទ្ធផលក្លិបកីឡាវាយសី TR Hope ជាប់លេខ១, ក្លិបកីឡាវាយសី ខនណិច ជាប់លេខ២ និងក្លិបកីឡាវាយសីយុវជននគរបាលជាតិ ជាប់លេខ៣៕