អាមេរិក ចាប់ផ្តើមបើកដំណើរការសុំទិដ្ឋាការ ដើម្បីទស្សនាព្រឹតិ្តការណ៍ World Cup 2026

21-01-2026 10:55

(បរទេស)៖ អ្នកមានសំបុត្រ World Cup 2026 ពេលនេះអាចដាក់ស្នើសុំទិដ្ឋាការ ដើម្បីធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិកបានហើយ នៅឡើយតែជាមន្ទិលសម្រាប់ក្រុមអ្នកគាំទ្រ ដែលប្រទេសរបស់ពួកគេជាប់បម្រាម និងមានកៅអីលេងក្នុងកម្មវិធីបាល់ទាត់ពិភពលោក ជំនាន់ទី២៣ នេះដដែល។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការធ្វើ FIFA Pass (The Fifa Prioritised Appointment Scheduling System) ត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ និងបើកដំណើរការចាប់ពីថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។

ទោះជាបែបនេះក្តី នៅតែជាកង្វល់សម្រាប់ប្រជាពលរដ្ឋនៃប្រទេសដទៃ ដែលក្រុមរបស់ពួកគេមានកៅអីលេង World Cup 2026 ដោយពុំទាន់ទទួលបានទិដ្ឋាការ (visa) ក្នុងការមកគាំទ្រជម្រើសជាតិពួកគេដល់អាមេរិកដដែល។

ពលរដ្ឋនៅអឺរ៉ុបភាគច្រើនជាពិសេស ចក្រភពអង់គ្លេស រួមទាំងនៅអាស៊ី ជប៉ុន អូស្រា្តលី និងប្រទេសផ្សេងទៀត អាចចូលទឹកដីសហរដ្ឋអាមេរិករយៈពេល ៩០ថ្ងៃ ដោយមិនចាំបាច់មាន Visa។

រដ្ឋបាលរបស់លោក ត្រាំ កាលពីថ្ងៃពុធសប្តាហ៍មុនបានប្រកាសពីការផ្អាកផ្តល់ Visa ដល់បណ្តាប្រទេសនានាកើនដល់ ៧៥ប្រទេស ដោយក្នុងនោះដែរមាន ១៥ប្រទេសមានកៅអីត្រៀមលេង WC26 នៅអាមេរិក មិចស៊ិក និងកាណាដា ដោយក្នុងនោះដែរ ក៏មានពលរដ្ឋមកពីអតីតម្ចាស់ជើងឯក ៥សម័យកាល ប្រេស៊ីលទៀតផង។

ប្រទេសទាំងនោះរួមមាន អាល់ហ្សេរី ប្រេស៊ីល កាប់វ៉េ កូឡុំប៊ី អេហ្ស៊ីប ហ្គាណា ហៃទី អ៉ីរ៉ង់ កូដឌីវ័រ ហ្ស៊កដានី ម៉ារ៉ុក សេណេហ្គាល់ ទុយនេស៊ី អ៊ុយរូហ្គាយ និងអ៊ូសបេគីស្ថាន។

អាមេរិក នឹងធ្វើម្ចាស់ផ្ទះច្រើនជាងគេមានដល់ទៅ ៧៨ប្រកួត ក្នុងចំណោម ១០៤ប្រកួតនៅ World Cup 2026 ដែលស្មើនឹង ១១ទីក្រុង រួមទាំងវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅកីឡដ្ឋាន MetLife ស្ថិតក្នុងរដ្ឋ New Jersey៕