ប្រេស៊ីលដាក់កំហិត ៣០ថ្ងៃឱ្យ Elon Musk បោសសម្អាតរូបភាពអាសអាភាសក្លែងក្លាយចេញពីកម្មវិធី AI របស់ខ្លួន
21-01-2026 12:49
(បរទេស)៖ អាជ្ញាធរប្រេស៊ីលបានដាក់ឱសានវាទរយៈពេល ៣០ ថ្ងៃ ដល់ក្រុមហ៊ុន xAI របស់លោក Elon Musk ដើម្បីបញ្ឈប់ប្រព័ន្ធ Grok AI មិនឱ្យបង្កើត និងចែកចាយរូបភាពផ្លូវភេទក្លែងក្លាយ។ បទបញ្ជានេះកើតឡើងបន្ទាប់ពីមានការព្រួយបារម្ភថា បច្ចេកវិទ្យានេះកំពុងត្រូវបានគេយកទៅប្រើប្រាស់ក្នុងផ្លូវខុស ដែលប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
ទីភ្នាក់ងារការពារអ្នកប្រើប្រាស់ និងព្រះរាជអាជ្ញាសហព័ន្ធប្រេស៊ីល បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនត្រូវតែ «បង្កើត និងអនុវត្តនីតិវិធីបច្ចេកទេស ដើម្បីកំណត់អត្តសញ្ញាណ ត្រួតពិនិត្យ និងលុបចោលមាតិកាមិនសមរម្យ» ព្រមទាំងត្រូវលុបចោលរាល់គណនីទាំងឡាយណាដែលផលិតមាតិកាទាំងនោះចោលជាបន្ទាន់ បើមិនចង់ប្រឈមមុខនឹងវិធានការច្បាប់បន្ថែម។
ទោះបីជាកន្លងមក xAI អះអាងថាបានរឹតបន្តឹងការបង្ហោះរូបភាពអាសអាភាសជាសាធារណៈលើបណ្តាញសង្គម X ក៏ដោយ ប៉ុន្តែតាមការធ្វើតេស្តជាក់ស្តែងដោយភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា «Chatbot នេះនៅតែបង្កើតរូបភាពបែបនោះជាឯកជនតាមការទាមទាររបស់អ្នកប្រើប្រាស់ដដែល» គិតត្រឹមថ្ងៃអង្គារនេះ។ បញ្ហានេះបានធ្វើឱ្យនិយតករជុំវិញពិភពលោកកាន់តែបង្កើនការតាមដាន និងរឹតបន្តឹងច្បាប់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីទប់ស្កាត់ការរីករាលដាលនៃរូបភាពក្លែងក្លាយ ឬ Deepfakes៕











