Forbes ចុះផ្សាយពីទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ របស់កម្ពុជា ជាព្រឹត្តិការណ៍ដ៏ល្បីល្បាញ និងទាក់ទាញទាំង១២ លើពិភពលោក ប្រចាំឆ្នាំ២០២៦

21-01-2026 15:04

(ភ្នំពេញ)៖ ទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញរបស់ពិភពលោក បានជ្រើសរើសទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ (Angkor Empire Marathon) របស់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញ និងទាក់ទាញបំផុតទាំង១២ ទូទាំងពិភពលោកប្រចាំឆ្នាំ២០២៦

សារព័ត៌មានដ៏ល្បីមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះបានគូសរំលេចថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ជាព្រឹត្តិការណ៍ដ៏ល្អឯក ដែលប្រព្រឹត្តទៅនៅតំបន់អង្គរដ៏ល្បីល្បាញរបស់កម្ពុជា ដោយរត់ឆ្លងកាត់វាលស្រែ ភូមិឋានប្រកបដោយសោភណភាព និងប្រាសាទបុរាណដ៏ស្រស់ស្អាតចំនួន៤០។ អ្វីដែលពិសេសទៀតនោះ គឺការធ្វើដំណើរកាត់ប្រាសាទអង្គរវត្តដ៏អច្ឆរិយៈ និងជាបេតិកភណ្ឌដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។

ទន្ទឹមនឹងការចុះផ្សាយនេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងមានមោទនភាព ដែលទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ របស់កម្ពុជាត្រូវបានល្បីល្បាញ និងផ្សព្វផ្សាយលើឆាកអន្ដរជាតិ។ តាមរយៈការចុះផ្សាយរបស់ទស្សនាវដ្ដីដ៏ល្បី និងចាត់ទុកជាព្រឹត្តិការណ៍រត់ប្រណាំងដ៏ល្អបំផុតមួយលើពិភពលោកនេះ លោកសង្ឃឹមថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ដែលគ្រោងរៀបចំខួបលើកទី១១ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នឹងទាក់ទាញការចូលរួមពីអ្នករត់ជុំវិញពិភពលោកកាន់តែច្រើនបន្ថែមទៀត។

សម្រាប់ព្រឹត្តិការណ៍ម៉ារ៉ាតុងលំដាប់ពិភពលោកចំនួន ១១ផ្សេងទៀត ដែលត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅដ៏ទាក់ទាញបំផុតប្រចាំឆ្នាំ២០២៦ រួមមាន៖ Boston Marathon នៅរដ្ឋ Massachusetts, Big Sure International Marathon នៅរដ្ឋ California, Bank of America Chicago Marathon នៅរដ្ឋ Illinois និង TCS New York Marathon នៅទីក្រុង New York នៃសហរដ្ឋអាមេរិក។

TCS London Marathon នៅចក្រភពអង់គ្លេស។ Great Wall Marathon នៅចិន, The Big Five Marathon នៅអាហ្វ្រិកខាងត្បូង, French Riviera Marathon Nice-Cannes នៅបារាំង, New Zealand Sotheby's International Realty Queenstown Marathon នៅនូវែលសេឡង់, Estra Firenze Marathon នៅអ៉ីតាលី និង Walker Cayman Islands Marathon នៅដែនដី Grand Cayman។

សូមរំឮកថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយតែងរៀបចំកំឡុងខែសីហារៀងរាល់ឆ្នាំ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងជួយដល់ប្រតិបត្តិករទេសចរចណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោកចូលរួម ជាក់ស្ដែងកាលពីឆ្នាំមុន មានអ្នកចូលរួមសរុបជាង ៤,២០០នាក់ ដែលរត់ចម្ងាយ ៤២គឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕