មហាសេដ្ឋី Bill Gates ចាប់ដៃជាមួយ OpenAI បោះទុន ៥០លានដុល្លារ ជួយសង្គ្រោះវិស័យសុខាភិបាលនៅអាហ្វ្រិក
21-01-2026 15:47
(បរទេស)៖ មហាសេដ្ឋី Bill Gates និងក្រុមហ៊ុន OpenAI បានសម្រេចចិត្តចាប់ដៃគ្នាបង្កើតគម្រោងខ្នាតយក្សមួយឈ្មោះថា «Horizon1000» ក្នុងតម្លៃ ៥០លានដុល្លារ។ គោលដៅធំបំផុតនៃគម្រោងនេះ គឺការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅជួយដល់ប្រព័ន្ធសុខាភិបាលក្នុងប្រទេសក្រីក្រនៅទ្វីបអាហ្វ្រិក ដែលកំពុងខ្វះខាតគ្រូពេទ្យ និងសម្ភារបរិក្ខារយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
គម្រោងដ៏អស្ចារ្យនេះ នឹងចាប់ផ្ដើមអនុវត្តដំបូងគេនៅក្នុងប្រទេសរ្វ៉ាន់ដា (Rwanda) ហើយមានគោលដៅពង្រីកខ្លួនឱ្យគ្របដណ្ដប់លើគ្លីនិកសុខភាពចំនួន ១,០០០ កន្លែង ត្រឹមឆ្នាំ ២០២៨។ លោក Bill Gates បានមានប្រសាសន៍ថា៖ «នៅក្នុងប្រទេសក្រីក្រដែលខ្វះខាតទាំងគ្រូពេទ្យ និងមន្ទីរពេទ្យ AI នឹងក្លាយជាជំនួយការដ៏ពិសេសមួយ (Gamechanger) ក្នុងការជួយឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព»។ លោកបន្ថែមថា AI គឺជាបច្ចេកវិទ្យាដែលនឹងមកផ្លាស់ប្ដូរពិភពលោកទាំងមូល។
ការសម្រេចចិត្តបោះទុននេះ កើតឡើងចំពេលដែលតំបន់អាហ្វ្រិកកំពុងប្រឈមមុខនឹងវិបត្តិខ្វះខាតគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលរហូតដល់ទៅ ៦លាននាក់។ ខណៈដែលជំនួយពីអន្តរជាតិមានការធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យអត្រាស្លាប់របស់កុមារមានការកើនឡើងវិញនោះ បច្ចេកវិទ្យា AI ត្រូវបានគេរំពឹងថា នឹងក្លាយជា «គ្រូពេទ្យឌីជីថល» ដ៏សំខាន់ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាជននៅតាមតំបន់ដាច់ស្រយាលឱ្យបានរហ័ស និងទាន់ពេលវេលា៕











