លែងប្រើហ្វ្រីទាំងស្រុងហើយ! ChatGPT ចាប់ផ្ដើមដាក់ផ្ទាំងពាណិជ្ជកម្ម ដើម្បីរកចំណូលមកទប់ការចំណាយដ៏មហាសាល

22-01-2026 08:53

(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាម្ចាស់ ChatGPT កំពុងបោះជំហានចូលក្នុងពិភពផ្សាយពាណិជ្ជកម្ម ដើម្បីរកប្រាក់ចំណូលបន្ថែម។ យោងតាមរបាយការណ៍ពី The Information និងចុះផ្សាយដោយ Reuters នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនបានចាប់ផ្ដើមពិភាក្សាជាមួយភ្នាក់ងារផ្សព្វផ្សាយធំៗ ដើម្បីដាក់ផ្ទាំងពាណិជ្ជកម្មលើ Chatbot របស់ខ្លួន ដោយរំពឹងថានឹងចាប់ផ្ដើមនៅដើមខែកុម្ភៈខាងមុខ។

ប្រភពដដែលបានបង្ហើបថា ក្នុងការសាកល្បងដំណាក់កាលដំបូងនេះ OpenAI តម្រូវឱ្យក្រុមហ៊ុនផ្សព្វផ្សាយនីមួយៗប្ដេជ្ញាចំណាយថវិកា «តិចជាង ១ លានដុល្លារ»។ នេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំមួយ ព្រោះកន្លងមក OpenAI រកចំណូលបានតែពីការបង់ថ្លៃសមាជិកប្រចាំខែពីអ្នកប្រើប្រាស់ប៉ុណ្ណោះ ប៉ុន្តែប្រាក់ចំណូលទាំងនោះហាក់មិនទាន់គ្រប់គ្រាន់សម្រាប់ទប់ទល់នឹង «ការចំណាយដ៏ខ្ពស់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា» និងការថែទាំប្រព័ន្ធម៉ាស៊ីនមេដ៏មហាសាលនោះទេ។

ក្រៅពីការរកចំណូលមកបង្កប់ការចំណាយ ការដាក់ពាណិជ្ជកម្មនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងខ្លួន ដើម្បីត្រៀមលក្ខណៈបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) ឬការចូលផ្សារភាគហ៊ុនដែលពិភពលោកកំពុងទន្ទឹងរង់ចាំ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសម្រុកបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនឯង ដើម្បីឱ្យអ្នកចង់ផ្សាយពាណិជ្ជកម្មអាចទិញសេវាកម្មបានកាន់តែងាយស្រួល និងរហ័ស។

គូសបញ្ជាក់ថា បទពិសោធន៍នៃការប្រើប្រាស់ ChatGPT នឹងចាប់ផ្ដើមប្រែប្រួលសម្រាប់អ្នកប្រើប្រាស់មួយចំនួន (ចាប់ផ្ដើមពីសហរដ្ឋអាមេរិកមុនគេ) ដែលនឹងឃើញផ្ទាំងពាណិជ្ជកម្មលេចឡើងពេលកំពុងសន្ទនាជាមួយ AI។ វាជារូបភាពថ្មីមួយដែលបង្ហាញថា សូម្បីតែបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃបំផុត ក៏នៅតែត្រូវពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មដើម្បីរក្សានិរន្តរភាពអាជីវកម្ម និងការរីកចម្រើនទៅមុខទៀតដែរ៕