តុលាការកាណាដា សម្រេចឲ្យ TikTok បន្តដំណើរការនៅទីនោះបណ្តោះអាសន្ន
22-01-2026 10:30
(បរទស)៖ តុលាការសហព័ន្ធកាណាដា បានសម្រេចអនុញ្ញាតឲ្យ TikTok បន្តដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកាណាដាបានជាបណ្តោះអាសន្ន ខណៈដែលរដ្ឋាភិបាលកំពុងពិនិត្យ និងពិចារណាសារជាថ្មីលើសេចក្តីសម្រេចពីមុន។
ការសម្រេចនេះបានផ្អាកសេចក្តីបញ្ជារបស់រដ្ឋាភិបាលកាណាដា ដែលបានចេញនៅឆ្នាំ ២០២៤ ដែលបញ្ជាឲ្យ TikTok Technology Canada Inc. បញ្ចប់ប្រតិបត្តិការរបស់ខ្លួន ដោយយោងទៅលើការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ពាក់ព័ន្ធនឹងក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន។ តុលាការបានបញ្ជូនករណីនេះត្រឡប់ទៅកាន់ក្រសួងឧស្សាហកម្មកាណាដា ដើម្បីធ្វើការពិនិត្យឡើងវិញក្រោមច្បាប់ Investment Canada Act។ ចៅក្រមមិនបានបង្ហាញលម្អិតអំពីមូលហេតុពេញលេញនៃការលុបចោលសេចក្តីបញ្ជារដ្ឋាភិបាលនោះទេ។
សេចក្តីសម្រេចនេះមានន័យថា TikTok អាចបន្តរក្សាការិយាល័យ បុគ្គលិក និងសកម្មភាពអាជីវកម្មនៅកាណាដាបាន ខណៈពេលដែលការត្រួតពិនិត្យផ្លូវច្បាប់នៅតែបន្ត។ ទោះជាយ៉ាងណា វាជាសេចក្តីសម្រេចបណ្តោះអាសន្ន ហើយមិនមែនជាការសម្រេចចុងក្រោយលើបញ្ហាសន្តិសុខជាតិនោះឡើយ។
TikTok បានបញ្ជាក់ថា ការបិទប្រតិបត្តិការនៅកាណាដា អាចប៉ះពាល់ដល់ការងារ និងការវិនិយោគ ហើយក្រុមហ៊ុនបានបង្ហាញឆន្ទៈក្នុងការសហការជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយការព្រួយបារម្ភផ្នែកសន្តិសុខ៕










