ពុំទាន់មានប្រទេសណាមួយពហិការពី World Cup 2026 ជុំវិញតំបន់ Greenland នៅឡើយទេ
22-01-2026 10:41
(បរទេស)៖ គិតមកទល់ពេលនេះពុំទាន់មានប្រទេសណាមួយ ជាពិសេសបណ្តាក្រុមនៅអឺរ៉ុបតែម្តង ចេញមុខពហិការ World Cup 2026 ជុំវិញភាពតានតឹងនៅតំបន់ Greenland នៅពេលម្ចាស់ផ្ទះសហរដ្ឋអាមេរិក ចិញ្ចឹមចិត្តចង់បានជា យូរមកហើយ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីបារាំង ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឱ្យដឹងថា រដ្ឋាភិបាលបារាំងបច្ចុប្បន្ន ពុំមានចេតនាមិនចូលរួមព្រឹត្តិការណ៍ World Cup នារដូវក្តៅនេះទេ ក្នុងកាលៈទេសៈដែលប្រធានាធិបតីត្រាំ គំរាមកំហែងគ្រប់គ្រងកោះ Greenland ដែលស្ថិតក្នុងប្រទេសដាណឺម៉ាកនោះ។
ទោះជាបែបនេះក្តី បារាំងស្ថិតក្នុងចំណោម ៨ប្រទេសនៅអឺរ៉ុប ដែលរដ្ឋបាលលោក ត្រាំ គំរាមបន្ថែមពន្ធគយ ក្រោយពួកគេរារាំងអាមេរិកក្នុងការសម្រេចផែនការធំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី Marina Ferrari បានគូសបញ្ជាក់ថា «ស្ថិតក្នុងជំហរបច្ចុប្បន្ននេះ គ្មានហេតុផលណាមួយដែលបារាំងពហិការ ពីព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះទេ។ ខ្ញុំជាមនុស្សម្នាក់ដែលជឿជាក់ និងរក្សាបាន កីឡាមិនពាក់ព័ន្ធនឹងនយោបាយ។ World Cup ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នក ស្រឡាញ់កីឡា»។
នៅចាំបានថា កាលពីដើមសប្តាហ៍នេះ លោក Eric Coquerel មកពីគណបក្សឆ្វេងនិយមបារាំងបានទទូចដល់ប្រទេសទាំងឡាយ គួរតែពហិការ World Cup 2026 ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះរួមគ្នាជាមួយមិចស៊ិក និងកាណាដា ស្របពេលដាណឺម៉ាកខ្លួនឯង ក៏ពុំទាន់មានកៅអី World Cup ជំនាន់ទី២៣ នោះទេ ដែលត្រូវលេងជម្រុះ ២ប្រកួតនាខែមីនាខាងមុខ។
លោក Erik Brogger Rasmussen ប្រធានសហព័ន្ធដាណឺម៉ាកបានថ្លែងថា «ពួកយើងដឹងហើយថា កំពុងស្ថិតក្នុងស្ថានភាពតានតឹង។ ពួកយើងក៏ដូចជាប្រទេសដទៃដែរ ដោយអនុវត្តន៍តាមច្បាប់ជានិច្ច។ អ្វីដែលពួកយើងកំពុងផ្តោតនាពេលនេះ ត្រឹមការប្រកួតជម្រុះប្រជែងកៅអីតែប៉ុណ្ណោះ»។
ចំណែកឯប្រមុខសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA វិញបានត្រឹមបង្ហាញកង្វល់កើនឡើង អំពីមហិច្ឆតារបស់លោក ត្រាំ និងត្រៀមជួបប្រជុំពិភាក្សាគ្នា ក្នុងចំណោមប្រទេសជាសមាជិក ដែលអាចឆ្លើយតបទៅនឹងស្ថានការណ៍ដែលកំពុងតែក្តៅ៕



