យល់ដឹងកីឡា៖ ជំនួបរវាងជប៉ុន និងទុយនេស៊ី គឺជាការប្រកួតលើកទី១,០០០ នៅព្រឹត្តិការណ៍ World Cup

22-01-2026 11:18

(បរទេស)៖ ជំនួបរវាងក្រុមជម្រើសជាតិសាម៉ូរៃខៀវជប៉ុន ទល់នឹងទុយនេស៊ី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ គឺជាការប្រកួតលើកទី១,០០០ ក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup។ នេះបើយោងតាម facebook page ផ្លូវការរបស់សហព័ន្ធ FIFA។

វាជាការប្រកួតរវាងជប៉ុន លេងតំណាងទ្វីបអាស៊ី (AFC) ទល់នឹងទុយនេស៊ី ប្រទេសមកពីទ្វីបអាហ្រ្វិក (CAF) វគ្គសន្សំពិន្ទុប្រចាំពូល F ក្នុងចំណោម ៤៨ប្រទេសប្រជែងជើងឯក World Cup ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។

គួរបញ្ជាក់ផងថា ជប៉ុនគឺជាក្រុមខ្លាំងប្រចាំទ្វីបអាស៊ី ដែលតែងតែបង្ហាញមុខនៅ World Cup ជុំចុងក្រោយ។ WC26 គឺគម្រប់លើកទី៨ ដែលក្រុមសាម៉ូរៃមួយនេះលេងក្នុងកម្មវិធី ៤ឆ្នាំម្តង គិតចាប់តាំងពី World Cup 1998 នៅប្រទេស បារាំងមក។ បច្ចុប្បន្នជប៉ុន ស្ថិតនៅលេខរៀងទី១៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក។

ចំណែកឯគូប្រជែងទុយនេស៊ី ដែលស្ថិតនៅលេខរៀងទី៤៧ ក្នុងតារាង FIFA World Ranking វិញ ពុំធ្លាប់ឈ្នះ និងរងជើងឯក World Cup ដូចជប៉ុនដែរ។ រាប់ទាំងឆ្នាំ២០២៦ ទុយនេស៊ីបង្ហាញខ្លួននៅ World Cup បាន ៧លើក នាអំឡុងឆ្នាំ១៩៧៨ ១៩៩៨ ២០០២ ២០០៦ ២០១៨ និងឆ្នាំ២០២២៕