ចាន់ វឌ្ឍនាកា ត្រឡប់ចូលទីលានវិញ ក្រោយខកខានជាង ១ឆ្នាំ ខណៈ សៀង ចន្ធា រកបានគ្រាប់បាល់ដំបូង

22-01-2026 12:45

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា បានត្រឡប់ចូលទីលានប្រកួតវិញហើយ ក្រោយខកខានជាង ១ឆ្នាំ ដោយសារបញ្ហារបួសដាច់សរសៃជង្គង់ (ACL) កាលពីដើមឆ្នាំ២០២៥ ស្របពេល សៀង ចន្ធា រកបានគ្រាប់បាល់ដំបូង ក្រោយផ្លាស់ប្ដូរទ្រនំថ្មីពីបឹងកេត ទៅព្រះខ័នរាជស្វាយរៀង។

ការវិលចូលទីលានរបស់កីឡាករ ចាន់ វឌ្ឍនាកា ស្របពេលក្រុមបឹងកេត ជួបប្រកួតជាមួយក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ក្នុងជំនួបវគ្គ ១៦ក្រុមចុងក្រោយ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ កាលពីថ្ងៃទី២១ ខែមករាកន្លងទៅ។

សូមរំឮថា វឌ្ឍនាកា បានរបួសដាច់សរសៃជង្គង់ខាងឆ្វេង កំឡុងការប្រកួតពានសម្ដេចតេជោ-ថ្នាក់ជាតិ រដូវកាលមុន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ នោះគឺជាលើកទី២ ដែលរូបគេរងរបួស ACL ក្រោយការរបួសដាច់សរសៃជង្គង់ខាងស្ដាំ ក្នុងពានរង្វាន់បើករដូវកាលកាលពីខែមករា ឆ្នាំ២០២២។

ក្រោយជាសះស្បើយពីរបួស នៅថ្ងៃពុធសប្ដាហ៍នេះ វឌ្ឍនាកា ត្រូវបានលោក Conor Nestor ផ្ដល់ឱកាសឲ្យចូលលេងឡើងវិញ ក្នុងពានសម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ២០២៥/២៦ ដោយបានរួមចំណែកជួយបឹងកេត ឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៩-០ ក្នុងនោះម្ចាស់រហស្សនាម CV-11 ក៏រកបាន ១គ្រាប់ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រផងដែរ។

ដោយឡែកកីឡាករ សៀង ចន្ធា ក្រោយផ្ទេរទៅកាន់ព្រះខ័នរាជស្វាយរៀង ទើបរកបានគ្រាប់បាល់ដំបូង ក្នុងជំនួបពានសម្ដេចតេជោ ហ៊ុន សែន ខាងលើ នៅក្នុងជំនួបទល់ក្រុមម្ចាស់ផ្ទះបាត់ដំបងយូណាយធីតកាលពីម្សិលមិញ ដោយរកបាន ២គ្រាប់ ក្នុងជ័យជម្នះ ៥-២។ នេះគឺជាគ្រាប់បាល់ដំបូងជាមួយទ្រនំថ្មីរបស់ ចន្ធា ក្រោយមានឱកាសបង្ហាញខ្លួនតិចតួចក្នុងលីគ តែមិនទាន់រកបានគ្រាប់បាល់នៅឡើយ។

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលការប្រកួតបើកឆាករដូវកាលថ្មី ក្នុងពានសម្ដេចតេជោ-ថ្នាក់ជាតិ ២គូផ្សេងទៀត គឺក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ៣-០ ស្របពេលក្រុមវិសាខា បានលត់ក្រុមភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ១៣-០។ ចំពោះការប្រកួតជើងទី២ រវាងក្រុមទាំង ៨ខាងលើ នឹងធ្វើឡើងនាខែកុម្ភៈ ដើម្បីកាត់សេចក្ដីក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ-ថ្នាក់ជាតិ៕