Meta បញ្ចេញម៉ូដែល AI ថ្មី ដើម្បីប្រជែងជាមួយ Google និង OpenAI
22-01-2026 13:04
(បរទេស)៖ ក្រុមហ៊ុន Meta Platforms បានបញ្ជាក់ថា ក្រុមការងារបញ្ញាសិប្បនិម្មិត (AI) ថ្មីរបស់ខ្លួន បានបញ្ចប់ និងផ្តល់ជូនម៉ូដែល AI សំខាន់ៗដំបូងសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនរួចរាល់ហើយ ក្នុងខែនេះ។ ការបញ្ជាក់នេះត្រូវបានលើកឡើងដោយប្រធានបច្ចេកវិទ្យា (CTO) លោក Andrew Bosworth។
លោក Bosworth បាននិយាយក្នុងព្រឹត្តិការណ៍ World Economic Forum នៅទីក្រុង Davos ប្រទេសស្វីសថា ក្រុម AI ថ្មីនេះ ត្រូវបានបង្កើតឡើងមិនទាន់បាន ៦ ខែផង ប៉ុន្តែអាចបង្ហាញលទ្ធផលដ៏សំខាន់ និងមានគុណភាពល្អសម្រាប់ការអភិវឌ្ឍបន្ត។ ក្រុម AI ថ្មីរបស់ Meta ត្រូវបានគេហៅថា Meta Superintelligence Labs ដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងសមត្ថភាព AI របស់ក្រុមហ៊ុន និងប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដូចជា Google និង OpenAI។
ទោះបីជាមិនបានបង្ហាញព័ត៌មានលម្អិតអំពីម៉ូដែល AI ទាំងនេះក៏ដោយ ការរាយការណ៍មុនៗបានឲ្យដឹងថា Meta កំពុងអភិវឌ្ឍម៉ូដែលក្រោមឈ្មោះកូដ ដូចជា «Avocado» សម្រាប់អត្ថបទ និង «Mango» សម្រាប់រូបភាព និងវីដេអូ។ លោក Bosworth ក៏បានបញ្ជាក់ថា ការបណ្តុះបណ្តាលម៉ូដែល AI គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ខណៈដែលនៅតែមានការងារច្រើនត្រូវធ្វើ ដើម្បីធ្វើឲ្យម៉ូដែលទាំងនេះអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព ទាំងក្នុងក្រុមហ៊ុន និងសម្រាប់ផលិតផលអនាគតរបស់ Meta។
ការរីកចម្រើននេះត្រូវបានមើលឃើញថា មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់យុទ្ធសាស្ត្រ AI របស់ Meta ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពិសេសខណៈដែលក្រុមហ៊ុនកំពុងព្យាយាមពង្រីកផលិតផល AI សម្រាប់អ្នកប្រើប្រាស់ទូទៅ៕








