កីឡាជាតិ លើកទី៥ ត្រៀមរៀបចំកាន់តែប្លែក និងអស្ចារ្យ ដើម្បីបង្ហាញពីសក្ដានុពលកីឡាជំនាញកម្រិតជាតិ
22-01-2026 15:20
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជនពិការជាតិ លើកទី៣ គ្រោងប្រព្រឹត្តទៅនាសប្ដាហ៍ទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមរៀបចំឲ្យកាន់តែប្លែក និងអស្ចារ្យ ដើម្បីបង្ហាញពីសក្ដានុពលកីឡាជំនាញកម្រិតខ្ពស់បំផុតនៅក្នុងប្រទេស តាមរយៈព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងនេះ។
នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រកួតកីឡា ឆ្នាំ២០២៦ នៅថ្ងៃទី២២ ខែមករានេះ ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានពាក់ព័ន្ធជាច្រើន នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោកថា ឆ្នាំ២០២៦ នឹងមានការប្រកួតពហុកីឡាជាច្រើន រាប់ចាប់ពីការប្រកួតកម្រិតបឋមសិក្សា រហូតដល់កីឡាឧត្តមសិក្សា ជាពិសេសការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជនពិការជាតិ លើកទី៣ ដែលដល់ពេលវេលារៀបចំជាថ្មីនៅក្នុងឆ្នាំនេះ។ ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួង នឹងជំរុញការប្រកួតពហុកីឡាធំៗទាំងអស់ ឲ្យកាន់តែមានភាពទាក់ទាញ និងមានប្រសិទ្ធភាពក្នុងការរៀបចំ ដើម្បីបន្ដនិរន្ដរភាពនៃការអភិវឌ្ឍកីឡាជាតិបន្ថែមទៀត។
ក្នុងនោះលោកបានសង្កត់ធ្ងន់ពាក់ព័ន្ធនឹងការប្រកួតកីឡាជាតិ ដ្បិតជាការប្រកួតកម្រិតខ្ពស់បំផុត ដែលតែងរៀបចំ ២ឆ្នាំម្ដង ហើយមានកីឡាករ-កីឡាការិនីប្រមាណ ៣ ទៅ ៤ពាន់នាក់ចូលរួម មកពីគ្រប់រាជធានី-ខេត្ត។ ការណ៍នេះក្រសួងបានជំរុញឲ្យនាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវពួតដៃគ្នាធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងសហព័ន្ធកីឡាជាតិ មន្ទីរ និងអាជ្ញាធរគ្រប់រាជធានី-ខេត្ត ដើម្បីធានាបាននូវការត្រៀមលក្ខណៈចូលរួម ប្រកបដោយសមភាព លើគុណភាពបច្ចេកទេស ដោយគោរពបាននូវគោលការណ៍ Fair-Play។
លោក វ៉ាត់ ចំរើន បន្ដថា «ឆ្នាំ២០២៦ នេះ យើងគ្រោងរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជនពិការជាតិ លើកទី៣ ឲ្យវាមានភាពប្លែក និងអស្ចារ្យមួយ ដែលអាចទាក់ទាញបាននូវការចូលរួម និងគាំទ្រច្រើនពីរាជធានី-ខេត្ត និងមហាជន។ យើងខ្ញុំទាំងអស់គ្នា នឹងធ្វើកិច្ចការងារនេះឲ្យបានល្អ ហើយផ្សព្វផ្សាយជូនដល់សាធារណជនឲ្យត្រៀមចូលរួមទស្សនា និងគាំទ្រ ទាំងពិធីបើក-បិទ និងការប្រកួត ដែលជាការប្រកួតកីឡាជំនាញកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសរបស់យើង សម្រាប់ជាកម្លាំងចិត្តដល់កីឡាករ-កីឡាការិនី ក្នុងការត្រៀមឆ្ពោះទៅរកការប្រកួតអន្ដរជាតិនានា»។
ជាមួយគ្នា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំដដែល ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានជំនាញទាំងអស់ ដែលបានរៀបចំនូវផែនការលម្អិត ធានាបាននូវការត្រៀមលក្ខណៈរួចរាល់ សម្រាប់ការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិនានា ក្នុងឆ្នាំ២០២៦ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕











