ខ្សែបម្រើតម្លៃខ្លួន ៧០លានផោន Casemiro នឹងចាកចេញពី Man Utd ពេលចប់រដូវកាលនេះ
23-01-2026 09:45
(បរទេស)៖ ក្លឹបបិសាចក្រហម Manchester United បានជូនដំណឹងថា កីឡាករអន្តរជាតិប្រេស៊ីល Casemiro នឹងចាកចេញពីកីឡដ្ឋាន Old Trafford របស់ពួកគេ នៅពេលបិទរដូវកាលឆ្នាំ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះបានរួមចំណែកជួយ Man Utd ឈ្នះជើងឯក League Cup និង FA Cup ផងដែរ ក្នុងរយៈពេល ៤ឆ្នាំនៅអង់គ្លេស គិតចាប់តាំងផ្ទេរពីក្លឹបអេស្ប៉ាញ Real Madrid កាលឆ្នាំ២០២២ ក្នុងតម្លៃខ្លួន ៧០លានផោន ដោយចូលលេងបាន ១៤៦ប្រកួត។
នៅចាំបានថា Casemiro គឺជាអ្នករកបានគ្រាប់បើកឆាកកាលផ្តាច់ព្រ័ត្រ League Cup 2023 ទៅលើ Newcastle United និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងលីគកំពូលអង់គ្លេស Premier League នៃរដូវកាលដំបូងរបស់លោកដែរ។
ក៏ប៉ុន្តែកាលពីឆ្នាំទៅ រូបលោកបានស្ថិតក្នុងចំណោមកីឡាករ ដែលត្រូវបានសហប្រធានក្លឹបថ្មី លោក Sir Jim Ratcliffe ថ្លែងប្រាប់ BBC ថា «កីឡាករ Man Utd មួយចំនួន មានសមត្ថភាពមិនសមនឹងតម្លៃពលកម្ម»។
ទោះជាបែបនេះក្តី Casemiro ដែលបានសម្រេចចិត្តចាកចេញនៅពេលកិច្ចសន្យាអស់សុពលភាពផងនោះបានថ្លែងថា «ខ្ញុំនឹងនៅតែនឹករលឹកជានិច្ចចំពោះ Man Utd ដែលជាផ្នែកមួយក្នុងជីវិតរបស់ខ្ញុំ។ វាពុំមែនជាពេលវេលានិយាយពាក្យលាទេ ពោលគឺបន្តបង្កើតអានុស្សាវរីយ៍ជាមួយគ្នាទៀត ក្នុងរយៈពេល ៤ខែខាងមុខ»៕



