ប្រធាន FIFA អស់សំណើច ចំពោះអ្នកគាំទ្រអង់គ្លេសដែលចង់បានតម្លៃសំបុត្រ World Cup 2026 ធូរថ្លៃ

23-01-2026 10:52

(បរទេស)៖ ប្រមុខ FIFA បច្ចុប្បន្នលោក Gianni Infantino គួរតែផ្តោតទៅលើការបញ្ចុះតម្លៃសំបុត្រ World Cup 2026 ឱ្យនៅទាប ជាជាងឌឺដងដល់ក្រុមអ្នកគាំទ្រអង់គ្លេសអំពីរឿងនេះ។ នេះបើយោងតាមសមាគមអ្នកគាំទ្របាល់ទាត់ (FSA)។

ការថ្លែងនៅវេទិការ World Economic Forum ក្នុងប្រទេសស្វីសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Infantino បានឱ្យដឹងថា «វាពិតជាពិសេសខ្លាំងណាស់» នៅពេលគ្មានក្រុមអ្នកគាំទ្រអង់គ្លេសត្រូវបានឃាត់ខ្លួននាអំឡុង World Cup 2022 នៅប្រទេសកាតា។

ទន្ទឹមគ្នានោះ បុរសសញ្ជាតិស្វីសរូបនេះកន្លងមកក៏បានបង្ហាញការព្រួយបារម្ភ អំពីការប្រកួត World Cup ឆ្នាំនេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ជុំវិញភាពតានតឹងពីការចូលទឹកដីសហរដ្ឋអាមេរិក និងតម្លៃសំបុត្រថែមទៀត។

លោកថា «វាជាលើកដំបូងក្នុងប្រវតិ្តសាស្រ្ត ដោយពុំមានក្រុមអ្នកគាំទ្រអង់គ្លេសត្រូវបានឃាត់ខ្លួននៅ World Cup។ សាកស្រមៃមើល វាពិតជាមានអ្វីពិសេសខ្លាំងណាស់។ វាពិតជាពិសេសមែនទែន»

លោក Infantino ដែលបានឈ្នះការបោះឆ្នោត ដើម្បីជំនួសតំណែងលោក Sepp Blatter កាលឆ្នាំ២០១៦ នៅតែរក្សាជំហរ ពីការកែប្រែតម្លៃសំបុត្រ WC26 ដោយកន្លងមក FSA បានពិព័រណ៌ថា «ពោរពេញដោយរឿងអាស្រូវ»

ការថ្លែងនៅទីក្រុង Davos លោក Infantino បានទទួលស្គាល់ថា «តម្លៃសំបុត្រពិតជាថ្លៃមែន» ដែលញាំងឱ្យ FIFA និង រូបលោកផ្ទាល់ទទួលការរិះគន់ជាខ្លាំង និងជាពិសេសពីសំណាក់អ្នកគាំទ្រអង់គ្លេស និងអាល្លឺម៉ង់ជាដើម។

ជាការឆ្លើយតប FSA ក៏បានលើកឡើងថា «នៅអំឡុងពេលយើងស្តាប់ពីចំណាប់អារម្មណ៍របស់លោក Infantino ពួកយើងចង់បានតម្លៃសំបុត្រធ្លាក់នៅទាបសម្រាប់អ្នកគាំទ្រពួកយើង ជាអ្វីដែលគាត់គួរតែផ្តោតយកចិត្តទុកដាក់ច្រើនជាង»